(បាងកក)៖ នៅទីបំផុតរដ្ឋាភិបាលយោធាថៃ បានសម្រេចលុបសុពលភាពលិខិតឆ្លងដែន របស់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលបានបាត់មុខឈឹងពីក្រសែភ្នែកសាធារណៈ គិតចាប់តាំងតែពីរូបលោកស្រី បានរត់គេចខ្លួនចេញពីប្រទេស តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុន ពេលតុលាការកំពូលថៃ ប្រកាសសាលក្រម ជុំវិញសំណុំរឿងធ្វេសប្រហែស ធ្វើឲ្យខាតថវិការដ្ឋរាប់ពាន់លានដុល្លារ ដោយសារតែគោលនយោបាយទិញស្រូវអង្ករ របស់លោកស្រីអំឡុងពេលកាន់អំណាចនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតនាយករដ្ឋមន្រ្តីថៃ ដែលជាស្រ្តីលើកដំបូងបង្អស់ មិនធ្លាប់នៅក្នុងប្រទេសរូបនេះ មិនត្រូវបានគេប្រទះឃើញ ឬលឺសូរដំណឹងឡើយ ចាប់តាំងពីលោកស្រី បានបង្កភាពភ្ញាក់ផ្អើលចំពោះព្រះរាជាណាចក្រថៃ ជាពិសេសអ្នកគាំទ្ររបស់លោកស្រី តាមរយៈការអវត្តមាន មិនបានចូលខ្លួនក្នុងតុលាការកំពូលនៅរាជធានីបាងកក ដើម្បីរង់ចាំស្តាប់ការប្រកាសសាលក្រមសម្រេចចុងក្រោយ ជុំវិញរឿងក្តីរបស់លោកស្រី កាលពីអំឡុងចុងខែសីហាកន្លងទៅ។
ទោះជាបែបនេះក្តី ក្រោយមកលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ក៏ត្រូវបានកាត់ទោសដោយកំបាំងមុខ ឲ្យជាប់ពន្ធនាគាររយៈពេល ០៥ឆ្នាំ ពីបទបរាជ័យ ក្នុងការទប់ស្កាត់អំពើពុករលួយ នៅក្នុងគោលនយោបាយទិញរបស់ អតីតរដ្ឋាភិបាលលោកស្រី។
នាម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសថៃ លោក ដុន ប្រាមុដវីណៃ (Don Pramudwinai) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលនេះលិខិតឆ្លងដែនគ្រប់ប្រភេទរបស់លោកស្រី យីងឡាក់ ត្រូវបានលុបសុពលភាពចោលទាំងអស់។ បើតាមអាជ្ញាធរថៃ លោកស្រី យីងឡាក់ មានលិខិតឆ្លងដែនថៃ ចំនួន០៤ច្បាប់ រួមមានប្រភេទផ្ទាល់ខ្លួន ០២ច្បាប់ និងការទូត ០២ច្បាប់។
គួរបញ្ជាក់ថា យោងតាមការអះអាងពីនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីចុងខែកញ្ញា លោក យីងឡាក់ ស៊ីណាវ៉ាត់ បានភៀសខ្លួន ទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជាទីដែលបងប្រុសបង្កើតរបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវបានយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០០៦ ដូចទៅនឹងប្អួនស្រីរបស់លោកដែរនោះ កំពុងរស់នៅដោយនិរទេសខ្លួន។
យ៉ាងណាមិញ ស្របពេលដែលទីតាំងស្នាក់អាស្រ័យបច្ចុប្បន្នរបស់លោកស្រី យីងឡាក់ នៅតែជាអាថ៌កំបាំង មានសេចក្តីរាយការណ៍ព័ត៌មានជាច្រើនថា លោកស្រី កំពុងស្វែងរកសិទ្ធិជ្រកកោណ នៅក្នុងចក្រភពអង់គ្លេស៕