(អាមេរិក)៖ ឯកសារចេញផ្សាយនាពេលថ្មីៗនេះដោយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ចន អ៊ែហ្វ ខិនណឺឌី (John F Kennedy) បានបង្ហាញថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ធ្លាប់បានពិភាក្សា ក៏ដូចជាប៉ុនប៉ងធ្វើឃាត អតីតបិតាស្ថាបនិកឥណ្ឌូណេស៊ី លោក ស៊ូកាណូ (Sukarno)។ នេះបើតាមការចេញផ្សាយដោយ គេហទំព័រ Asian Correspondent ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការបែកធ្លាយឯកសារនេះ កើតមានឡើងតែជាងពីរសប្ដាហ៍ ប៉ុណ្ណោះបន្ទាប់ពីឯកសារដាច់ដោយឡែកមួយទៀតបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលអាមេរិក បានធ្វើសកម្មភាពគាំទ្រការសម្លាប់រង្គាលប្រជាជនឥណ្ឌូណេស៊ី ចន្លោះពី ៥០០,០០០នាក់ ដល់ ០១លាននាក់ ដែលត្រូវបានចោទថា ជាអ្នកគាំទ្ររបបកុម្មុយនីស្ដ នៅអំឡុងឆ្នាំ១៩៦៥ និងឆ្នាំ១៩៦៦។
ឯកសារខាងលើនេះត្រូវបានគេចាត់ថ្នាក់ថា «ជាឯកសារសម្ងាត់កំពូល» និងចុះកាលបរិច្ឆេទនៅឆ្នាំ១៩៧៥ ដោយវាបានបញ្ជាក់ពីការស៊ើបអង្កេត របស់គណៈកម្មាការនៃទីភ្នាក់ងារ CIA ជុំវិញគំរោង នៃទីភ្នាក់ងាររបស់ខ្លួន ដែលបានប៉ុនប៉ងធ្វើឃាតអតីតមេដឹកនាំពិភពលោកជាច្រើននាក់ ជាពិសេសគឺមេដឹកនាំកុម្មុយនីស្ដ និងមានទំនាក់ទំនងជាមួយសហភាពសូវៀត ក្នុងនោះរួមមាន ទំាងលោក Sukarno របស់ឥណ្ឌូណេស៊ីផងដែរ។
ឯកសារនេះដដែលបានទម្លាយទៀតថា នាយករងផែនការ CIA លោក រីឆាដ ប៊ីស្សែល (Richard Bissell) ធ្លាប់បានលើកឡើងថា ការពិភាក្សាលើគំរោងសម្លាប់វីរៈបុរស បដិវត្តន៍ និងជាប្រធានាធិបតីឥណ្ឌូណេស៊ីដំបូងគេ លោក Sukarno មិនមានភាពរីកចំរើនទៅមុខឡើយ ត្បិតពិបាកក្នុងការស្វែងរកមនុស្ស ដើម្បីសម្លាប់រូបគាត់។ តែទោះជាយ៉ាងណា លោក Bissell ក៏បានអះអាងដែលថា CIA មិនមានជាប់ពាក់ព័ន្ធជាដាច់ខាត នឹងការស្លាប់របស់ លោក Sukarno ដែលបានទទួលមរណភាព ដោយជំងឺខ្សោយតម្រងនោមក្នុង ឆ្នាំ១៩៧០។
គួរបញ្ជាក់ថា បើតាមឯកសារខាងលើ ក្រៅពីលោក Sukarno ទីភ្នាក់ងារ CIA ក៏ធ្លាប់បានប៉ុនប៉ង ឬពិភាក្សាលើផែនការសម្លាប់ អតីតមេដឹកនាំគុយបា លោក ហ្វីដែល ខាស្ត្រូវ (Fidel Castro), មេដឹកនាំសាធារណរដ្ឋដូមីនិច (Dominican) លោក រ៉ាហ្វាអែល ទ្រូហ្ស៊ីលឡូ (Rafael Trujillo) និងមេដឹកនាំកុងហ្គោ លោក ផាទ្រីស លូម៉ុមបា (Patrice Lumumba) ផងដែរ៕