(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះបាននិយាយថា លោកបានបញ្ជាឱ្យក្រសួងសន្តិសុខមាតុភូមិ រឹតបន្តឹងកម្មវិធីទទួលយកជនភៀសខ្លួន បន្ទាប់ពីបុរសម្នាក់ដែលគេសង្ស័យថា ជាបណ្ដាញរបស់ពួក ISIS បានបើករថយន្ដបំបុកសម្លាប់មនុស្ស ០៨នាក់ និង ១១នាក់រងរបួសធ្ងន់នៅក្នុងសង្កាត់ ឡូវើ មែនហាធិន (Lower Manhattan) នៃទីក្រុង ញូយ៉ក (New York) កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កំណត់ហេតុមួយជាភាសាអង់គ្លេស ត្រូវបានគេរកឃើញនៅក្នុងរថយន្ដមួយគ្រឿង ដែលប៉ូលិសជឿជាក់ថា ត្រូវជនសង្ស័យប្រើប្រាស់នៅក្នុងការវាយប្រហារនេះ។ ដោយឡែក ភ្លាមៗក្រោយការវាយប្រហារនេះដែរ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រសួងសន្តិសុខមាតុភូមិ រឹតបន្តឹងកម្មវិធីទទួលយកជនភៀសខ្លួន ក៏ដូចជា សន្យាថា នឹងកម្ទេចពួក ISIS ឱ្យដល់ទីបំផុត។
លោក ត្រាំ បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាឱ្យក្រសួងសន្តិសុខមាតុភូមិ រឹតបន្តឹងកម្មវិធី Extreme Vetting Program របស់យើង... ហើយយើងត្រូវតែធ្វើយ៉ាងណា កុំឱ្យពួក ISIS ត្រឡប់ ឬចូលក្នុងទឹកដីរបស់យើងជាថ្មីម្ដងទៀត ក្រោយយើងកម្ទេចពួកគេនៅក្នុងតំបន់មជ្ឈិមបូព៌ា និងគ្រប់ទីកន្លែងទាំងអស់»។
គួរបញ្ជាក់ថា ប៉ូលិសអាមេរិកបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យមានឈ្មោះ សាយហ្វូលឡូ សាយផូវ (Sayfullo Saipov) មានអាយុ ២៩ឆ្នាំ បន្ទាប់ពីរូបគេត្រូវបានបាញ់ឱ្យរបួស និងកំពុងវះកាត់នៅក្នុងមន្ទីរពេទ្យ។ ជនឈ្មោះ Saipov គឺជាជនអន្តោប្រវេសន៍ម្នាក់ ដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១០៕