(ម៉ូស្គូ)៖ អគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក ម៉ូហាំម៉ាដ អាលី ហ្សាហ្វារី (Mohammad Ali Jafari) បាននិយាយថា បច្ចុប្បន្នអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំការវាយប្រហារដោយគ្រាប់ មីស៊ីលប្រឆាំងនឹងកងទ័ពអាមេរិក ដែលឈរជើងនៅក្នុងតំបន់ បើសិនជាពួកគេចង់ផ្សងព្រេងឈ្លានពានលើអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Mohammad Ali Jafari ថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីរ៉ង់ ISNA និងនៅចំពេលកំពុងមានភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Jafari បានលើកឡើងយ៉ាងដូច្នេះថា «យើងមានសមត្ថភាពបង្កើនរយៈចំងាយបាញ់គ្រាប់មីស៊ីល ប៉ុន្តែបច្ចុប្បន្ននេះ មីស៊ីលរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ទៅហើយ ក្នុងការវាយប្រហារលើ កងទ័ពអាមេរិកស្ថិតនៅចំងាយ ២,០០០គីឡូម៉ែត្រពីពួកយើង... ដូច្នេះយើងនឹងឆ្លើយតបភ្លាមៗ នៅករណីមានការឈ្លានពានណាមួយ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចាប់ឡើងកម្ដៅតាំងតែពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមកម្ល៉េះ។ ប៉ុន្តែស្ថានការណ៍រឹតតែតានតឹង ឡើងនារយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបដិសេធមិនបញ្ជាក់ថា អ៊ីរ៉ង់បានគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥ ដែល នេះបានបើផ្លូវឱ្យក្រុមអ្នកតំណាងរាស្ត្រអាមេរិក អនុម័តកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន៕