(សេអ៊ូល)៖ តាមពិតហេតុការណ៍គ្រោះថ្នាក់បាត់ស្រុតការដ្ឋានរូងក្រោមដី នៅឯទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ ដែលគេជឿជាក់ថា បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ២០០នាក់ នៅប្រទេសកូរ៉េខាងជើងនោះ បានកើតឡើងតាំងតែពីជិតមួយខែមុនមកម្ល៉េះ ក៏ប៉ុន្តែទីក្រុងព្យុងយ៉ាង ហាក់ដូចជាបានព្យាយាមបិទបាំង ដំណឹងអកុសល្យនេះយ៉ាងជិតឈឹងតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Fox News នៅព្រឹកថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានជប៉ុន Asahi TV ដែលទទួលបានប្រភពព័ត៌មានពីក្នុងកូរ៉េខាងជើងផ្ទាល់ ឧប្បត្តិហេតុខាងលើនេះ បានកើតឡើងនៅក្នុងទីតាំង សម្រាប់បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) កាលពីថ្ងៃទី១០ ខែតុលាម្ល៉េះ នៅពេលដែលមនុស្សកំពុងធ្វើការក្នុងការដ្ឋាននៅឯរូងក្រោមដីនេះ។ ស្ថានីយ៍ទូរទស្សន៍ជប៉ុនមួយនេះ ក៏បានអះអាងផងដែរថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទៅ០៦ កាលពីថ្ងៃទី០៣ ខែកញ្ញា របស់ទីក្រុងព្យុងយ៉ាង ដែលមានឥទ្ធិពលខ្លាំងក្លាជាងរាល់ដងនោះ ទំនងជាបានបណ្តាលឲ្យរូងក្រោមដីនេះដួលរំលំ ហើយបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់។
គួរបញ្ជាក់ថា មកទល់ពេលនេះ ពុំទាន់មានការទទួលស្គាល់ជាផ្លូវការណាមួយ ចំពោះសេចក្តីរាយការណ៍កាលពីម្សិលមិញនេះ របស់ទូរទស្សន៍ Asahi TV នៅឡើយទេ ក៏ប៉ុន្តែក្រុមអ្នកជំនាញ មានការភ័យព្រួយអស់រយៈពេលជាងមួយខែមកហើយថា ទីតាំងធ្វើតេស្តនេះ បានស្ថិតនៅក្នុងសភាពជិតនឹងដួលរលំ ចាប់តាំងតែពីការសាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នាខែកញ្ញាមក។
កាលណោះ ទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនបានបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ-អ៊ីដ្រូសែនមួយគ្រាប់ និងបានហៅវាថាជា ជោគជ័យដ៍ល្អឥតខ្ចោះ។ វាគឺជាការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ ដ៏ខ្លាំងមហាសាលជាងគេបំផុត គិតមកទល់ពេលបច្ចុប្បន្ននេះ របស់កូរ៉េខាងជើង ហើយកម្លាំងរបស់វា ត្រូវគេរាយការណ៍ថា ខ្លាំងជាងគ្រាប់បែកបរមាណូ ដែលត្រូវបានទម្លាក់ទៅលើទីក្រុងហីរ៉ូស៊ីម៉ា (Hiroshima) នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទី០២ ដល់ទៅ ១០ដងឯណោះ៕