BREAKING NEWS: បណ្តាញ ISIS «បើករថយន្តបំបុកមនុស្សស្លាប់ ០៨នាក់ នៅទីក្រុងញូយ៉ក» ដែលជាអំពើភេរវកម្មបែបថ្មី នៅអាមេរិក!
01-11-2017 09:59
(វ៉ាស៊ីនតោន)៖ មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា ប៉ូលិសបានរកឃើញកំណត់ហេតុមួយជាភាសាអង់គ្លេស ដែលបានអះអាងថា ជនសង្ស័យបើកការវាយប្រហារកាលពីថ្ងៃអង្គារ ស្លាប់មនុស្ស ០៨នាក់ នៅក្នុងទីក្រុង ញូយ៉ក (New York) គឺជាបណ្ដាញរបស់ពួក ISIS។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមមន្ត្រីរូបនេះដដែល កំណត់ហេតុខាងលើត្រូវបានគេរកឃើញ នៅក្នុងរថយន្ដមួយគ្រឿង ដែលប៉ូលិសជឿជាក់ថា ត្រូវបានជនសង្ស័យប្រើប្រាស់ នៅក្នុងការវាយប្រហារនេះ ហើយ មិនតែប៉ុណ្ណោះ ប៉ូលិសបានអះអាងដែរថា រូបគេបានជួលរថយន្ដនេះនៅក្នុងរដ្ឋ ញូចេស៊ី (New Jersey)។ ប៉ូលិសអាមេរិក បានបញ្ជាក់អត្តសញ្ញាណជនសង្ស័យមានឈ្មោះ សាយហ្វូលឡូ សៃផូវ (Sayfullo Saipov) មានអាយុ ២៩ឆ្នាំ បន្ទាប់ពីរូបគេត្រូវបានបាញ់ឱ្យរបួស និងកំពុងវះកាត់បន្តជីវិតនៅក្នុងមន្ទីរពេទ្យ។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ០៨នាក់បានស្លាប់ និង ១១នាក់ទៀតរងរបួសធ្ងន់ នៅពេលបុរសម្នាក់បានបើករថយន្ត pickup មួយគ្រឿង បំបុកហ្វូងមនុស្សនៅក្នុងសង្កាត់ Lower Manhattan ក្បែរ Wold Trade Center៕