(កៀវ)៖ យន្តហោះ Airbus A320 ដែលមានគោលដៅពីទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់ប្រទេសតួកគីនោះ បានធ្វើការចុះចតយ៉ាងទាន់ហន់នៅក្នុងទីក្រុង អូឌីស្សា (Odessa) ភាគខាងត្បូងប្រទេសអ៊ុយក្រែន បន្ទាប់ពីអ្នកបម្រើការងារនៅលើយន្តហោះនោះ បានរកឃើញវត្ថុដែលគេសង្ស័យថា ជាគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក រូស្លាន ហ្វូរ៉ូសយ៉ាក (Ruslan Forostyak) ទីប្រឹក្សានៃមេបញ្ជាការប៉ូលិសរបស់ទីក្រុង អូឌីស្សា បានសរសេរនៅលើគណនី Facebook របស់លោកថា «អ្នកដំណើរនៃយន្តហោះខាងលើនេះ បានបន្សល់ទុកនូវកាបូបដ៏គួរឲ្យសង្ស័យមួយ នៅក្នុងបន្ទប់ទឹកលើយន្តហោះនោះ ហើយក្រោយមកអ្នកបម្រើការងារលើយន្តហោះ ក៏បានប្រទះឃើញវា រួចរាយការណ៍ទៅកាន់បន្ទប់បញ្ជាការហោះហើរ ទើបបង្កឲ្យមានការចុះចតជាបន្ទាន់នៅប្រទេសអ៊ុយក្រែនតែម្តង»។
ប៉ូលិសអ៊ុយក្រែនបានបញ្ជាក់ទៀតថា តាមពិតទៅកាបូបនោះ គ្រាន់តែផ្ទុកសម្ភារៈមួយចំនួនប៉ុណ្ណោះ ដោយមិនមានសារធាតុផ្ទុះអ្វីនោះឡើយ ប៉ុន្តែវារឿងដែលអ្នកបញ្ជាការលើយន្តហោះត្រូវធ្វើ ដើម្បីធានាសុវត្ថិភាព ១០០% ជូនអ្នកដំណើររាបប់រយនាក់លើយន្តហោះនោះ។ តាមការអះអាងបន្ថែមទៀតឲ្យដឹងថា កាបូបនោះជាកម្មសិទ្ធិរបស់អ្នកដំណើរជនជាតិ លីទុយអានី ម្នាក់ ប៉ុន្តែពុំមានព័ត៌មានអ្វីបន្ថែម ត្រូវបានទម្លាយនោះឡើយ។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះ មានគោលដៅពីទីក្រុងម៉ូស្គូ ទៅទីក្រុងអ៊ីស្តង់ប៊ូល ជាកម្មសិទ្ធិរបស់អាកាសចរណ៍ Pegasus របស់តួកគី៕