(ហុងកុង)៖ យោងតាមទីភ្នាក់ងារតាមដានភូមិសាស្ត្ររបស់អាមេរិក USGS បានឲ្យដឹងថា គ្រោះធម្មជាតិរញ្ជួយផែនដីមួយទៀតកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារចម្ងាយ ១០៩គីឡូម៉ែត្រ ពីតំបន់តាឌីន (Tadine) ស្ថិតនៅភាគខាងកើតនៃកោះ ញូខាឡេដូនៀ (New Caledonia) ដែលជាដែនកោះកម្មសិទ្ធិរបស់បារាំង ស្ថិតនៅក្នុងមហាសាគរប៉ាស៊ីហ្វិក (ភាគត្បូងកោះហ្វីជី និងភាគឦសានអូស្ត្រាលី)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្រាប់រញ្ជួយដីពីរថ្ងៃបន្តបន្ទាប់គ្នា លើកទីពីរនេះគឺមានជម្រៅពីក្នុងដី ១០គីឡូម៉ែត្រ កើតឡើងកាលពីវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃពុធនេះតែម្តង (ម៉ោងនៅទីក្រុងស៊ីដនី) ប៉ុន្តែដោយសារតែវា ស្ថិតនៅឆ្ងាយពីតំបន់ដែលមានមនុស្សរស់នៅនោះ វាពុំបានបង្កការខូចខាត ឬក៏មនុស្សរងគ្រោះថ្នាក់នោះឡើយ ហើយក៏ពុំមានការចេញសេចក្តីព្រមាន ពីរលកយក្សស៊ូណាមិនោះដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងររហូតដល់ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារនៅតំបន់ តាឌីន ស្ថិតនៅចម្ងាយ ១២គីឡូម៉ែត្រ ពីភាគខាងកើតនៃកោះ ញូកាឡេដូនៀដូចគ្នា នៅវេលាម៉ោង ៨៖៤២ព្រឹកថ្ងៃអង្គារ។ ចំពោះការរញ្ជួយដីលើកទី១នោះ មានជម្រៅពីក្នុងដី ១៤.៩គីឡូម៉ែត្រ ហើយក៏គ្មានការព្រមានពីរលកយក្សស៊ូណាមិនោះដែរ។ ដែនកោះ New Calendonia របស់បារាំងនេះ មានប្រជាជនរស់នៅជិត ៣០០,០០០នាក់៕