(ព្យុងយ៉ាង)៖ ផ្លូវរូងក្រោមដីមួយកន្លែង ដែលកំពុងសាងសង់នៅក្បែរទីតាំងបាញ់សាកល្បងនុយក្លេអ៊ែរ បានបាក់ និងបណ្តាលឱ្យកម្មករជាង២០០នាក់ ត្រូវជាប់គាំងក្នុងគំនរបាក់បែក ដែលទំនងជាស្លាប់បាត់បង់ជីវិតទាំងអស់ នេះបើយោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ។
មនុស្សប្រមាណជាង១០០នាក់ បានជាប់ក្នុងគំនរបាក់បែក បន្ទាប់ពីផ្លូវរូងក្រោមដីដែលមិនទាន់សាងសង់រួចរាល់បានបាក់ស្រុត ដោយឡែកមនុស្សជាង១០០នាក់ផ្សេងទៀត អាចនឹងស្លាប់បាត់បង់ជីវិតផងដែរ បន្ទាប់ពីហេតុការណ៍បាក់ដីជាលើកទីពីរបានកើតឡើង ខណៈដែលពួកគេព្យាយាមជួយសង្គ្រោះអ្នកដែលជាប់គាំងក្នុងហេតុការណ៍បាក់ស្រុតលើកទីមួយ។
សេចក្តីរាយការណ៍មិនបានបញ្ជាក់ទេថា តើហេតុការណ៍នេះកើតឡើងនៅពេលណា។ អ្នកជំនាញបានព្រមានថា ទីតាំងបាញ់សាកល្បងនុយក្លេអ៊ែរ ច្បាស់ជាត្រូវរងផលប៉ះពាល់ ឬមិនរឹងមាំឡើយ ដោយសារការបាញ់សាកល្បងនុយក្លេអ៊ែរ រហូតដល់ប្រាំមួយលើក ពិសេសការបាញ់សាកល្បងលើកចុងក្រោយ ដែលជាអាវុធនុយក្លេអ៊ែរ ដ៏មានថាមពលជាខ្លាំង៕