Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍៖ កុំតែបានចិន ម្ល៉េះក្មួយប្រុសលោក គីម ជុងអ៊ុន ត្រូវស្លាប់តៃហោង

31-10-2017 23:47

(ប៉េកាំង)៖ ប៉ូលិសចិន បានចាប់ខ្លួនជនជាតិកូរ៉េខាងជើងជាច្រើននាក់ បញ្ជូនទៅកាន់ទីក្រុងប៉េកាំង ក្រោមបទសង្ស័យថា បានរៀបចំផែនការសម្លាប់ក្មួយប្រុសអាយុ២២ឆ្នាំម្នាក់ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមកាសែតកូរ៉េខាងត្បូង JoongAng Ilbo ដកស្រង់ដោយសារព័ត៌មាន Bloomberg។

សារព័ត៌មាន Bloomberg ផ្អែកលើប្រភពដែល JoongAng Ilbo ចុះផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ភ្នាក់ងារកូរ៉េខាងជើង០២នាក់ ក្នុងចំណោម០៧នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធ នឹងការរៀបចំផែនការសម្លាប់ លោក គីម ហាន់សូល (Kim Han Sol) ជាកូនប្រុសបង្កើតលោក គីម ជុងណាំ ជាបងប្រុសម្ដាយទីទៃលោក គីម ជុងអ៊ុន ដែលត្រូវបានគេសម្លាប់នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ កាលពីខែកុម្ភៈកន្លងទៅ។ បន្ថែមពីលើនេះ កាសែតដដែលក៏បានអះអាងដែរថា ជនសង្ស័យ០២នាក់ត្រូវបានសួរចម្លើយនៅតំបន់ជាយ ទីក្រុងប៉េកាំង ក៏ប៉ុន្តែមិនបានបញ្ជាក់ថា តើជនសង្ស័យ០៥នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនដែរឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា នៅក្នុងវីដេអូបង្ហោះនៅលើ Youtube កាលពីខែមីនា លោក គីម ហាន់សូល សារភាពថា លោកគឺជាកូនប្រុសរបស់លោក គីម ជុងណាំ។ លោក គីម ជុងណាំ ត្រូវបានឃាតកជាស្ត្រីពីរនាក់សម្លាប់ដោយប្រើប្រាស់សារធាតុគីមីពុល VX រីឯសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជឿជាក់ថា លោក គីម ជុងអ៊ុន គឺជាអ្នកនៅពីក្រោយឃាតកម្មនេះ បើទោះជាទីក្រុងព្យុងយ៉ាងបដិសេធជាច្រើនដងក៏ដោយ៕