(វ៉ាស៊ីនតោន)៖ ការផ្តល់សិទ្ធិអនុញ្ញាតឲ្យប្រើកម្លាំងយោធាថ្មី មិនគួរឲ្យត្រូវរងកំហិតពីកត្តាទីតាំងភូមិសាស្រ្ត ឬក៏ពេលវេលាឡើយ ដោយសារតែសហរដ្ឋអាមេរិកបច្ចុប្បន្ន កំពុងប្រឈមមុខនឹងសត្រូវ ដែលចេះសម្របខ្លួនបត់បែនតាមកាលៈទេសៈ និងមិននៅស្ងៀមឆ្កឹងមួយកន្លែងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
ការលើកឡើងខាងលើ ត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) នៅក្នុងព្រឹទ្ធសភាអាមេរិក ពាក់ព័ន្ធនឹងច្បាប់ចេញសិទ្ធិអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងទ័ព (AUMF) ប្រឆាំងនឹងក្រុមទាំងឡាយ ដែលនៅពីក្រោយ មហាភេរវកម្មនៅសហរដ្ឋអាមេរិក កាលពី១៦ឆ្នាំមុន។
លោក Mattis បាននិយាយថា «ច្បាប់ AUMF ថ្មីណាមួយ មិនគួរស្ថិតក្រោមកំហិតនៃពេលវេលាឡើយ។ ឧទាហរណ៍ដូចជាយុទ្ធសាស្រ្តសម្រាប់អាស៊ីខាងត្បូងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាដើម ដែលផ្អែកទៅលើលក្ខខណ្ឌពុំមែនពេលវេលាឡើយ ពីព្រោះថាសង្រ្គាមជាទូទៅមិនអាចត្រូវទស្សន៍ទាយដឹងលទ្ធផលមុនបានឡើយ។ យើងមិនអាចដាក់ចេញកាលកំណត់ជាក់លាក់មួយ ប្រឆាំងនឹងគូសត្រូវដែលចេះបត់បែននោះទេ»។
ប្រមុខការពារជាតិអាមេរិករូបនេះ ក៏បានបញ្ជាក់ដែរថា អំណាចឲ្យប្រើយោធានេះ មិនគួរឲ្យត្រូវរងកំហិតពីកត្តាទីតាំងភូមិសាស្រ្តឡើយ ដោយសារសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងសត្រូវឆ្លងដែន ដែលមិនមានការកំណត់ទីតាំងភូមិសាស្រ្ត លើតំបន់ប្រតិបត្តិការរបស់ពួកគេឡើយ។ ជាមួយគ្នានេះ លោក Mattis បានបន្ថែមថា ការធ្វើវិសោធនកម្មច្បាប់ AUMF ឆ្នាំ២០០១ និងឆ្នាំ២០០២ ពុំគួរត្រូវលុបចោលដាច់ខាត ហើយពួកវាគឺជាមូលដ្ឋានដ៏សមហេតុផលមួយ សម្រាប់ប្រតិបត្តិការយោធាអាមេរិកនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា លោក Mattis និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានចូលផ្តល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក ស្តីពីការធ្វើវិសោធនកម្មច្បាប់ AUMF ទាក់ទិនទៅនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន។
គួរជម្រាបបន្ថែមថា រដ្ឋបាលលោក ដូណាល់ ត្រាំ និងអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានចាត់ទុកច្បាប់ AUMF ទាំង ០២ខាងលើ ដែលអនុម័តដោយសភាអាមេរិក ក្រោយពីការវាយប្រហារភេរវកម្មកក្រើកពិភពលោក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅឯទីក្រុងញូយ៉ក និងរដ្ឋធានីវ៉ាស៊ីនតោន ថាជាមូលដ្ឋានច្បាប់ត្រឹមត្រូវ សម្រាប់កងទ័ពអាមេរិក ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ នៅស៊ីរី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងតំបន់មួយចំនួនទៀតនៅអាហ្រ្វិក។
យ៉ាងណាក្តី សមាជិកសភាអាមេរិកធ្លាប់បានអះអាងថា ច្បាប់ AUMF ថ្មីមួយ គឺត្រូវការជាចាំបាច់ ដើម្បីបំពេញបន្ថែមនូវការទាមទារផ្នែកធម្មនុញ្ញ ដែលតម្រូវឲ្យសភាអាមេរិក ជាអ្នកប្រកាសសង្រ្គាម ពុំមែនប្រធានាធិបតីអាមេរិកឡើយ។
គួររំលឹកផងដែរថា សភាតំណាងរាស្រ្តអាមេរិក កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានដាក់ចេញសេចក្តីស្នើច្បាប់មួយ សម្រាប់ AUMF ថ្មី ដែលនឹងអនុញ្ញាតការប្រើកម្លាំងទ័ពអាមេរិកក្នុងរយៈពេល ០៥ឆ្នាំ ដើម្បីប្រឆាំងក្រុមភេរវករអាល់កៃដា, តាលីបង់, ISIS, និងបុគ្គលទាំងឡាយ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករទាំងនេះ ក៏ប៉ុន្តែវានឹងត្រូវការការអនុម័តគាំទ្រពីសភា ដើម្បីអាចពង្រីកកិច្ចប្រឹងប្រែងប្រតិបត្តិការនេះ ទៅកាន់ប្រទេសដទៃៗបន្ថែមទៀតបាន៕