(ម៉ូស្គូ)៖ ស្ថាបនិកគេហទំព័រ WikiLeaks លោក ជូលៀន អាស្សាង (Julian Assange) បានប្រាប់អ្នកសារព័ត៌មានរុស្ស៊ីថា លោកធ្លាប់បានពិចារណាពីលទ្ធភាព ក្នុងការដាក់សំណើសុំសិទ្ធិជ្រកកោននៅ ប្រទេសរុស្ស៊ី ក៏ប៉ុន្តែក្រោយមក លោកបានលះបង់គំនិតនេះចោលទៅវិញ ដោយសារតែស្ថានភាពនយោបាយ ក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
លោក Julian Assange នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរុស្ស៊ី លោក Vladimir Pozner បានសង្កត់ធ្ងន់ថា បើទោះជាលោកបានចែករំលែកទស្សនៈនយោបាយ ស្រដៀងគ្នានឹងអតីតទីភ្នាក់ងារសន្តិសុខជាតិអាមេរិក លោក Edward Snowden ដែលកំពុងរស់នៅជ្រកកោននយោបាយ ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីលោកបានបញ្ចេញ ឯកសារសម្ងាត់អាមេរិកក៏ដោយ ក៏ស្ថាបនិក WikiLeaks រូបនេះអះអាងថា លោកបានសម្រេចចិត្តរស់នៅក្នុងប្រទេសមួយ មិនមែនជាគូប្រជែងនយោបាយ ជាមួយពួកប្រទេសលោកខាងលិចដូចជា អេក្វាឌ័រ ជាដើម។
លោក Assange ក៏បានបដិសេធផងដែរថា លោកមិនមានទំនាក់ទំនងអ្វី នឹងទីក្រុងម៉ូស្គូនោះទេ ហើយ WikiLeaks ក៏មិនដែលបានទទួលព័ត៌មានពីរដ្ឋាភិបាល ណាមួយដែរ តែលោកនៅតែសង្ឃឹមថា ថ្ងៃណាមួយលោកនឹងមានសេរីភាពដើរហើរដូចមនុស្សធម្មតាម្នាក់ ខណៈកំពុងរស់នៅក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ចាប់តាំងពីឆ្នាំ២០១២មក ដើម្បីគេចខ្លួនពីការតាមចាប់ ពីសំណាក់អាជ្ញាធរអាមេរិក។ ជាងនេះទៅទៀត បើតាមលោក Assange អាជ្ញាធរអង់គ្លេសបានចំណាយប្រាក់ជាង ១០លានដុល្លារ សម្រាប់តាមដានរូបលោក ក្នុងនោះមានទាំងការតម្លើងកាមេរ៉ាសុវត្ថិភាព និងពង្រាយក្រុមអ្នកឃ្លាំមើល នៅតាមដងផ្លូវក្បែរកន្លែងលោករស់នៅទៀតផង។
គួរបញ្ជាក់ថា លោក Julian Assange បានដំណើរការគេហ័ទំព័រ Wikileaks ជាផ្លូវការកាលពីឆ្នាំ២០០៦។ ចាប់តាំងនោះមកដែរ គេហទំព័រមួយនេះបានចេញផ្សាយ ឯកសារសម្ងាត់រាប់លាន នៅជុំវិញពិភពលោក ជាពិសេសស្ដីពីការលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទ បទឧក្រិដ្ឋសង្រ្គាម ការធ្វើទារុណកម្ម រួមទាំងការរំលោភសិទ្ធិមនុស្ស៕