(កាប៊ុល)៖ មន្ត្រីអាហ្វហ្គានីស្ថានបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ១៤នាក់ ក្នុងរួមមានទាំងមេបញ្ជាការម្នាក់ដ៏សំខាន់ របស់ក្រុមតាលីបង់ឈ្មោះ មូលឡាហ៍ អាប់ឌុល វ៉ាហាប់ (Mullah Abdul Wahab) ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធា ដឹកនាំដោយកងកម្លាំងអាហ្វហ្គានីស្ថាន នៅក្នុងស្រុក ប៊ឺកា (Burka) នៃខេត្ត បាកឡាន (Baghlan) ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មន្ត្រីអាហ្វហ្គានីស្ថាន លោក អ៊ីក្រាមូឌីន សារី (Ikramudin Sari) បាននិយាយថា «ប្រតិបត្តិការយោធាកាលពីរសៀលថ្ងៃចន្ទ ដែលបាននិងកំពុងបន្តធ្វើឡើង បានផ្ដាច់យកជីវិតពួកសកម្មប្រយុទ្ធ ១៤នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការជាន់ខ្ពស់តាលីបង់ Mullah Abdul Wahab រីឯមនុស្ស ១៧នាក់ ផ្សេងទៀតបានរងរបួស»។ តែទោះជាយ៉ាង នេះក្ដី លោក Sari បានគេចវេសមិនធ្វើការអត្ថាធិប្បាយ ជុំវិញចំនួនអ្នកស្លាប់ខាងកងកម្លាំងរដ្ឋាភិបាល ខណៈមន្ត្រីម្នាក់ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា មន្ត្រី សន្តិសុខរដ្ឋាភិបាល ០៣នាក់ បានស្លាប់ និង០៤នាក់ រងរបួស នៅក្នុងការវាយប្រយុទ្ធគ្នាក្នុងស្រុក Burka កាលពីថ្ងៃមុន។
គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រុមឧទ្ទាមតាលីបង់មិនទាន់ចេញមុខទទួលស្គាល់សេចក្ដីរាយការណ៍ខាងលើ របស់រដ្ឋាភិបាលទីក្រុងកាប៊ុលនៅឡើយទេ ហើយកងកម្លាំងអាហ្វហ្គានីស្ថាន ក៏កំពុងបន្តធ្វើប្រតិបត្តិការយោធានៅឡើយដែរ៕