(ទ្រីប៉ូលី)៖ កងយន្តហោះមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងទីក្រុង ដឺណា (Derna) ភាគខាងកើតប្រទេសលីប៊ី ហើយហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
ប្រភពពីអាជ្ញាធរទីក្រុង Derna បានឲ្យដឹងថា «យន្តហោះស៊ើបការណ៍មួយចំនួន បានធ្វើការហោះហើរឆ្វែលទៅឆ្វែលមក អស់រយៈពេលប្រមាណជាកន្លះម៉ោង ហើយក៏ស្ងប់ស្ងាត់បានប៉ុន្មាននាទី មុនពេលដែលសកម្មភាពវាយប្រហារតាមផ្លូវអាកាស ចំនួន ០៤ករណី ត្រូវបានគេលឺសូរ នៅតំបន់ភ្នំ អាល់ហ្វាតាអេហ៍ (Al-Fata'eh) និង អាល់ធូ អាល់ម៉ា (Al-Thuhr Al-Ahmar) ដោយទីស្នាក់ការយោធារបស់ក្រុមប្រឹក្សា ហ្សូរ៉ា (Shura) នៃក្រុង Derna គឺជាគោលដៅ ហើយក្រោយមកមនុស្សជាច្រើនក៏បានស្លាប់ និងរងរបួស។
ជាមួយគ្នានេះ ការវាយប្រហារខាងលើ ក៏បានផ្តាច់ជីវិត និងបង្ករបួសប្រជាជនស្លូតត្រង់មួយចំនួនផងដែរ ដោយសារតែទីស្នាក់ការយោធានេះ ស្ថិតនៅជិតនឹងតំបន់រស់នៅរបស់ជនស៊ីវិល។ ក៏ប៉ុន្តែអ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេនោះ គឺកងកម្លាំងរបស់ក្រុមប្រឹក្សា Shura។ ដោយឡែក យន្តហោះទាំងប៉ុន្មានគ្រឿងខាងលើ មិនអាចត្រូវបានកំណត់អត្តសញ្ញាណនោះឡើយ ជាពិសេសនៅដែលពួកវាធ្វើប្រតិបត្តិការ នាពេលយប់បែបនេះ ហើយចំនួនជនរងគ្រោះជាក់ច្បាស់ ក៏ពុំត្រូវបានដឹងដែរ។
គួរបញ្ជាក់ថា ចាប់តាំងតែពីពាក់កណ្តាលឆ្នាំ២០១៥មក កងកម្លាំងយោធាលីប៊ីប្រចាំនៅភាគខាងកើត ដែលដឹកនាំដោយមេបញ្ជាការលោក Khalifa Haftar បានបិទការចេញចូលទាំងផ្លូវទឹកនិងផ្លូវទៅលើទីក្រុង Derna ហើយប្រជាជនលីប៊ី ក៏មិនត្រូវបានអនុញ្ញាតឲ្យចេញឬចូលទីក្រុងនេះឡើយ លើកលែងតែករណីជំនួយមនុស្សធម៌និងវេជ្ជសាស្រ្ត។
ទីក្រុងជាប់ឆ្នេរ Derna នេះ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៥០គីឡូម៉ែត្រ ភាគពាយ័ព្យនៃទីក្រុង ប៊ែងហ្គាស៊ី (Benghazi) គឺជាទីក្រុងតែមួយគត់ នៅភាគខាងកើតលីប៊ី ដែលនៅក្រៅការគ្រប់គ្រងរបស់កម្លាំងយោធាលីប៊ី។ កងទ័ពលីប៊ី កំពុងតែទាមទារឲ្យក្រុមប្រឹក្សា Shura ទីក្រុង Derna ដែលយោធាលីប៊ីចាត់ទុកថា ស្ម័គ្រស្មោះនឹងពួកឧទ្ទាមអាល់កៃដានោះ ទម្លាក់អាវុធរបស់ខ្លួនចុះ ហើយចាកចេញពីទីក្រុង ក៏ប៉ុន្តែក្រុមប្រឹក្សានេះ បានបដិសេធមិនព្រមទទួលស្គាល់កងទ័ពលីប៊ីឡើយ។
គួរជម្រាបបន្ថែមថា ក្រុមប្រឹក្សា Shura នៃក្រុង Derna ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៤ ហើយភាគច្រើនសុទ្ធតែជាក្រុមប្រដាប់អាវុធជ្រុលនិយម។ នេះជាស្នាដៃរបស់ក្រុមចំរុះលោកខាងលិច ដែលក្រោយពីបានផ្តួលរំលំអតីតរបបដឹកនាំ ហ្គាដាហ្វី បានសម្រេច ហើយ តែពួកគេមិនអាចស្វែងរកសន្តិភាព និងការរួបរួមគ្នាសម្រាប់លីប៊ីបានឡើយ៕