(បរទេស)៖ លោក Erich von Daniken គឺជាអ្នកស្រាវជ្រាវជនជាតិស្វីសម្នាក់ និងជាអ្នកនិពន្ធខ្សែភាពយន្តដ៏គួរចាប់អារម្មណ៍មួយ មានចំណងជើងថា «Memories of the Future» រួមទាំងសៀវភៅល្បីៗជាច្រើនក្បាលផ្សេងទៀត ដែលផ្សព្វផ្សាយក៏ដូចជាលើកស្ទួយទ្រឹស្តី Paleo-Contact និង Ancient Astronauts ជាទ្រឹស្តីដែលអះអាងថា កាលពីយូរលង់ណាស់មកហើយ ពួកអេលៀន ឬជីវិតក្រៅភពដ៏ឆ្លាតវ័យ ធ្លាប់បានធ្វើដំណើរមកដល់ភពផែនដី ហើយបានជះឥទ្ធិពលដល់វប្បធម៌ បច្ចេកវិទ្យា និងសាសនា កាលពីសម័យបុរាណរបស់មនុស្សលោកយើងទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសផ្តល់បទសម្ភាសន៍មួយជាមួយសារព័ត៌មាន Sputnik លោក Daniken បានឲ្យដឹងថា គោលគំនិតចម្បងនៃទ្រឹស្តីរបស់លោកនោះ គឺមិនខុសពីប៉ុន្មានទសវត្សរ៍មុនឡើយ ដោយកាលពីរាប់ពាន់ឆ្នាំមុន ពួកអេលៀន ធ្លាប់បានមកធ្វើទស្សនកិច្ចនៅភពផែនដី។ នាពេលនោះ បុព្វបុរសរបស់យើង ដែលកំពុងរស់នៅក្នុងយុគសម័យថ្ម ឬ Stone Age មិនអាចយល់បានពីអ្វីដែលកើតឡើង ហើយក៏យល់ច្រឡំថា «ពួកអេលៀនទាំងនោះ គឺជាព្រះជាម្ចាស់។ ប៉ុន្តែព្រះជាម្ចាស់ គឺមិនមានពិតឡើយ ហើយបុព្វបុរសយើងមិនបានដឹងថា វាដូច្នោះទេ»។
លោក Daniken បានបន្តថា «នៅសម័យកាលបុរាណនោះ ពួកអេលៀន ដែលត្រូវបានមនុស្សយើងចាត់ទុកជាព្រះជាម្ចាស់នេះ បានដើរតួនាទីដូចទៅនឹងអ្នកវិទ្យាសាស្រ្តសព្វថ្ងៃនេះ ដែលសិក្សា និងវិភាគទៅលើបុគ្គលិកលក្ខណៈរបស់មនុស្សអ៊ីចឹង។ ពួកអេលៀន បានស្វែងយល់អំពីកុលសម្ព័ន្ធ និងរៀនភាសាមួយចំនួន ហើយធ្វើការផ្តល់យោលបល់ ព្រមទាំងការណែនាំខ្លះៗ។ បន្ទាប់មកពួកគេក៏បាននិយាយលា បុព្វបុរសរបស់យើង ដោយសន្យាថា នឹងវិលត្រឡប់មកវិញនាថ្ងៃណាមូយ»។
ដោយឡែក ពាក្យសន្យារបស់ពួកអេលៀនថា នឹងវិលត្រឡប់មកវិញនេះ បានរួមបញ្ចូលទៅក្នុងវប្បធម៌ និងជំនឿសាសនានីមួយៗ ដែលត្រូវបានបន្សល់ទុកមក ឲ្យពួកយើងទាំងអស់គ្នា ដល់បច្ចុប្បន្ននេះ។ យ៉ាងណាមិញ យើងមិនដឹងថា តើនៅពេលណា ដែលពួកគេនឹងត្រឡប់មកផែនដីម្តងទៀតឡើយ។ គ្មាននរណាម្នាក់ដឹងរឿងនេះច្បាស់នោះទេ ហើយប្រហែលជាពួកគេ កំពុងស្ថិតក្នុងចំណោមមនុស្សលោកយើងរួចស្រេចទៅហើយផង ក៏ថាបាន»។
ជាចុងក្រោយ នៅពេលចោទជាសំណួរថា តើពួកអេលៀនគឺជាសត្រូវរបស់មនុស្សលោកយើង ដែរ ឬយ៉ាងណានោះ? អ្នកស្រាវជ្រាវជនជាតិស្វីសរូបនេះ បានឆ្លើយតបថា «អត់ទេ! ប្រសិនបើអេលៀន វិលត្រឡប់មកផែនដីវិញមែនពួកគេច្បាស់ជានឹងជួយយើង បោះជំហានទៅមុខបានកាន់តែឆ្ងាយខ្លាំងថែមទៀត។ ពួកយើងទាំងអស់គ្នានាខណៈនេះ គឺជាសមិទ្ធផលដែលសម្រេចបានពីដំណើរការ ប្រែប្រួលគួរឲ្យកត់សម្គាល់មួយ ក៏ប៉ុន្តែភពរបស់យើង ពុំមែនជាប្រព័ន្ធដែលនៅឯកោដាច់តែឯងឡើយ ដោយការទស្សនកិច្ចពីមនុស្សក្រៅភព ពិតជាធ្លាប់បានកើតមានឡើង កាលពីអតីតកាលដ៏សែនឆ្ងាយ»៕