(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនមែនកំពុងស្វែងរកការអនុញ្ញាត ការធ្វើសង្រ្គាមជាថ្មីពីសភាអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅឯបរទេសនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
លោក ធីល្លឺសុន ថ្លែងបែបនេះនៅចំពោះមុខបទបង្ហាញក្នុងសភាអាមេរិក កាលពីថ្ងៃចន្ទ។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមាន សិទ្ធិស្របច្បាប់ក្នុងការធ្វើយុទ្ធនាការ ប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់ អាល់កៃដា និងក្រុមភេរវករដទៃទៀត រួមមានទាំងពួក ISIS... ប៉ុន្តែបច្ចុប្បន្នយើងមិនបានកំពុងស្វែងរកការ អនុញ្ញាតធ្វើសង្រ្គាមជាថ្មីពីសភា ដើម្បីប្រើប្រាស់កម្លាំងយោធានោះទេ»។
ដោយឡែកនៅក្នុងកិច្ចពិភាក្សាក្នុងសភាខាងលើនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ក៏បានកត់សម្គាល់ដែរថា ច្បាប់អនុញ្ញាតប្រើកម្លាំងយោធាកាលពីឆ្នាំ២០០១ ឬ AUMF ជាថ្មី មិនត្រូវបានតម្រូវដោយច្បាប់ឡើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ តែលោកក៏មិនបានជំទាស់ដាច់អហង្កា នឹង AUMF ថ្មីដែរ។
គួរបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញអាមេរិក មានតែសភាអាមេរិកតែមួយគត់ មានសិទ្ធិអំណាចប្រកាសសង្រ្គាម។ ចំណែកឯការលើកឡើងរបស់ លោក ធីល្លឺសុន និងលោក ម៉ាត់ទីស កើតមានឡើងបន្ទាប់ពីមានការលេចលឺព័ត៌មានថា ក្រុមអ្នកតំណាងរាស្ត្រក្នុងសភាអាមេរិក អាចនឹងពិចារណាឡើងវិញ ពីការធ្វើបច្ចុប្បន្នភាព ឬលុបចោលច្បាប់អនុញ្ញាតប្រើប្រាស់កម្លាំងយោធា AUMF កាលពីឆ្នាំ២០០១ ដែលផ្ដល់លទ្ធភាពដល់រដ្ឋាភិបាលអាមេរិក ប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ្នកទទួលខុសត្រូវ ឬអ្នកមានជាប់ពាក់ព័ន្ធនឹងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕