(សេអ៊ូល)៖ ទោះបីជាស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ មានភាពតានតឹងយ៉ាងណាក្តី ទីក្រុងសេអ៊ូលបានអះអាងថា មិនបន្តដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ THAAD ថែមទៀតឡើយ ប៉ុន្តែក៏មិនចាំបាច់អីត្រូវសុំទោស នរណាម្នាក់ដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បានថ្លែងបញ្ជាក់ទៅកាន់ ក្រុមអ្នកតំណាងរាស្រ្តកូរ៉េខាងត្បូងថា «យើងមិនបាន ឬកំពុងធ្វើការពិចារណា ចំពោះការតំឡើងប្រព័ន្ធខែលការពារ មីស៊ីលបន្ថែមទៀតឡើយ»។ ការគូសបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមការដាក់ពង្រាយប្រព័ន្ធ THAAD ដែលរចនាឡើង ដើម្បីបាញ់ស្ទាក់មីស៊ីលផ្លោង មិនថាមានរយៈចម្ងាយខ្លី និងមធ្យមនោះឡើយ កាលពីខែឧសភា នៅចំពោះមុខការទើសចិត្តរបស់ចិន និងរុស្ស៊ី។
គួរបញ្ជាក់ថា ប្រព័ន្ធខែលការពារមីស៊ីលដ៏ចម្រូងចម្រាសនេះ ក៏បានបង្កឲ្យមានការប្រឆាំងជំទាស់ ពីសំណាក់ប្រជាជនក្នុងស្រុកផងដែរ។ តួយ៉ាងកាលពីខែមិថុនា ឆ្នាំ២០១៧នេះ ពលរដ្ឋកូរ៉េខាងត្បូងរាប់រយនាក់ និងកងកម្លាំងប៉ូលិស បានប៉ះទង្គិចគ្នាដោយហិង្សា នៅពេលដែលសហរដ្ឋអាមេរិក បានតំឡើងប្រព័ន្ធ THAAD ចំនួន ០៤គ្រឿង បន្ថែមទៀត ដែលនាំឲ្យចំនួនប្រព័ន្ធខែលការពារមីស៊ីលនេះសរុប នៅលើទឹកដីកូរ៉េខាងត្បូងកើនដល់ ០៦គ្រឿង៕