(មូស្គូ)៖ ស្ថាបនិកគេហទំព័រ WikiLeaks លោក ជូលៀន អាស្សាង (Julian Assange) បានអះអាងថា សារអេឡិចត្រូនិច ឬ Email រាប់ពាន់របស់អតីតបេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលគេហទំព័រមួយនេះ បានបង្ហោះកាលពីឆ្នាំ២០១៦ មិនមែនត្រូវបាន Hack នោះទេ តែទទួលបានដោយស្របច្បាប់ពីក្រសួងការបរទេសអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅ Twitter ផ្ទាល់ខ្លួន លោក Assange បានបញ្ជាក់យ៉ាងដូច្នេះថា «Email រាប់ពាន់របស់លោកស្រី គ្លីនតុន ដែល WikiLeaks បានបង្ហោះមិនមែនទទួលបាន តាមរយៈការ Hack ឡើយ តែគឺទទួលបានដោយស្របច្បាប់ ពីក្រសួងការបរទេសអាមេរិក តាមរយៈច្បាប់សេរីភាពព័ត៌មាន ឬ Freedom of Information Act កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦»។ ប៉ុន្តែយ៉ាងនេះក្ដី ស្ថាបនិករូបនេះមិនបានបញ្ជាក់លម្អិតថា លោកទទួលបានសារទាំងនេះ តាមវិធីសាស្រ្តបែបណានោះទេ។
គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០១៦ WikiLeaks បានចេញផ្សាយឯកសារច្រើនជាង ៣០,០០០ច្បាប់ ដែលត្រូវផ្ញើចេញ និងចូលពី Email Server ឯកជនរបស់លោកស្រី គ្លីនតុន នៅអំឡុងលោកស្រីកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសអាមេរិកពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ បន្ទាប់មកទៀត នៅចុងឆ្នាំ២០១៦ គេហទំព័រនេះដដែលបានចេញផ្សាយ Email ជិត ២០,០០០ច្បាប់ ដែលគេជឿជាក់ថា ត្រូវបាន Hack ចេញគណៈកម្មាធិការជាតិប្រជាធិបតេយ្យ នៃគណបក្សប្រជាធិបតេយ្យ និងពី Email ប្រធានក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោកស្រី គ្លីនតុន គឺលោក ចន ផូដេស្តា (John Podesta) ខណៈទីភ្នាក់ងារអាមេរិកជាច្រើនយល់ថា រុស្ស៊ីជាអ្នកនៅពីក្រោយការបែកធ្លាយ Email ទាំងនេះ៕