(សេអ៊ូល)៖ កូរ៉េខាងត្បូង និងចិនបានព្រមព្រៀង ស្ដារទំនាក់ទំនងទ្វេភាគីនឹងគ្នាឡើងវិញដោយសុឆន្ទៈ បន្ទាប់ពីភាគីទាំងពីរផ្ដើមមើលមុខគ្នាមិនចំ ដោយសារតែទីក្រុងសេអ៊ូលបាន សម្រេចចិត្តតម្លើងប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីឧបទ្វីបកូរ៉េសំដៅកំញើញកូរ៉េខាងជើង។ នេះបើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
ក្រសួងការបរទេសកូរ៉េខាងត្បូង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើការចែករំលែកគំនិតស្ដីពី ការលើកកម្ពស់ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងចិន អនុឡោមតាមផលប្រយោជន៍ទៅវិញទៅមក ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ធ្វើឱ្យទំនាក់ទំនងតានតឹងបច្ចុប្បន្នត្រឡប់ទៅរកភាពប្រក្រតីវិញ ឱ្យបានឆាប់រហ័ស ក៏ដូចជាស្ដារកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសនោះគឺការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង បំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដោយ សនិ្តវិធី»។
គួរបញ្ជាក់ថា បើតាមកូរ៉េខាងត្បូង ទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល មិនទាន់អាចដោះស្រាយជម្លោះដោយសារការដាក់ពង្រាយ THAAD បានទាំងស្រុងនោះឡើយ ប៉ុន្តែភាគីទាំងពីរ នឹងបន្តស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា៕