(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បាននិយាយថា ប្រជាជនអាមេរិកជាង ១២៦លាននាក់ បានឃើញព័ត៌មាន ឬមាតិកាបោកប្រាសដែលត្រូវបានបង្ហោះ ដោយក្រុមហ៊ុន (មានទំនាក់ទំនងនឹងរដ្ឋាភិបាលរុស្ស៊ី) មានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ អស់រយៈពេលជាងពីរឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
យោងតាម Facebook ព័ត៌មាន ឬមាតិការហូតដល់ ៨០,០០០លើក ត្រូវបានបង្ហោះមុន និងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ហើយក្នុងចំណោមមាតិកាទាំងនេះ ភាគច្រើនផ្ដោតសំខាន់ទៅលើសារសង្គម និងនយោបាយ។ ម្យ៉ាងវិញទៀត ការចេញផ្សាយដោយ Facebook នៅពេលនេះធ្វើឡើងនៅមុនពេលព្រឹទ្ធសភាអាមេរិក នឹងធ្វើសវនកម្មទាក់ ទិននឹងសំណុំរឿងនេះជាមួយក្រុមហ៊ុន Twitter និង Google ដើម្បីបញ្ជាក់ថា រុស្ស៊ីបានបង្កផលប៉ះពាល់ដល់បណ្តាញសង្គម ដ៏មានប្រជាប្រិយភាពទំាងពីរនេះ។
ជុំវិញការចោទប្រកាន់ខាងលើនេះ ដែលបានអូសបន្លាយតាំងពីមុនពេលបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៥មកនោះ ខាងទីក្រុងម៉ូស្គូ ធ្លាប់បានទាត់ចោលជាច្រើនដងរួចមកហើយដោយរុស្ស៊ីអះអាងថា ខ្លួនមិនមានជាប់ពាក់ព័ន្ធ ឬចូលដៃចូលការបោះឆ្នោតប្រធានាធិបតីអាមេរិកឡើយ ជាពិសេសគឺការចោទប្រកាន់ អំពីការបញ្ជ្រៀតព័ត៌មាននានាចូល Twitter និង Google ដូចខាងលើនេះ។
គួរបញ្ជាក់ថា មាតិកាដែលអាមេរិកអះអាង ជាព័ត៌មានបោកប្រាសសរុបជាង ៨០,០០០លើក ត្រូវបានបង្ហោះនៅចន្លោះពីខែមិថុនា ឆ្នាំ២០១៥ រហូតដល់ខែសីហា ឆ្នាំ២០១៧ ហើយ Facebook ថែមទាំងបញ្ជាក់ទៀតថា មាតិកាទំាងនេះត្រូវបាន បង្ហោះដោយក្រុមហ៊ុនរុស្ស៊ីមួយមានទំនាក់ទំនងនឹងវិមានក្រឹមឡាំង៕