(ម៉ាឌ្រីត)៖ អគ្គរដ្ឋអាជ្ញាអេស៉្បាញ កំពុងតែរៀបចំឯកសារ ដើម្បីធ្វើការចោទប្រកាន់ចំពោះករណីបង្កការប៉ះបោរទៅលើ អតីតមេដឹកនាំកាតាឡាន ដែលត្រូវរដ្ឋអំណាចអេស៉្បាញ សម្រេចទម្លាក់ចេញពីតំណែងគឺ លោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) ពីព្រោះតែរូបលោក បានចូលរួមក្នុងការចេញសេចក្តីប្រកាសឯករាជ្យ ដោយឯកតោភាគីរបស់ សភានៃតំបន់ស្វយ័តកាតាឡាន (Catalonia) កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។
បើតាមច្បាប់របស់ប្រទេសអេស៉្បាញ ការបះបោរគឺជាបទឧក្រិដ្ឋមួយ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេលរហូតដល់ទៅ ៣០ឆ្នាំ ហើយពាក្យបណ្តឹងចោទប្រកាន់ពីបទល្មើសនេះ នឹងត្រូវធ្វើឡើងប្រឆាំងនឹងលោក Puigemont នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីត បានសម្រេចប្រើអំណាច គ្រប់គ្រងដោយផ្ទាល់ទៅលើតំបន់កាតាឡាន។
នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសដកមុខតំណែង លោក Carles Puigdemont និងរដ្ឋាភិបាលតំបន់កាតាឡាន កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ហើយបានអំពាវនាវឲ្យមានការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំថ្មី សម្រាប់តំបន់ស្វយ័តនេះ នាថ្ងៃទី២១ ខែធ្នូខាងមុខ។ ជុំវិញរឿងនេះ លោក Puigdemont បានអះអាងមិនទទួលស្គាល់ ការចេញបញ្ជាឲ្យដកហូតសិទ្ធិអំណាចរបស់លោកនេះឡើយ ហើយរូបលោក ក៏ថែមទាំងបានប្រកូកប្រកាស ឲ្យមានការតស៊ូប្រឆាំងក្នុងលក្ខណៈប្រជាធិបតេយ្យ តបតនឹងទង្វើរបស់រដ្ឋាភិបាលអេស៉្បាញផងដែរ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ការចាប់ខ្លួនលោក Puigdemont ទំនងជានឹងបញ្ឆេះឲ្យផ្ទុះការធ្វើបាតុកម្មទ្រង់ទ្រាយធំដ៏កក្រើកជាក់ជាពុំខានពីសំណាក់ប្រជាជនរាប់លាននាក់នៅតំបន់កាតាឡាន។ ដោយឡែក រដ្ឋមន្រ្តីការបរទេសអេស៉្បាញ លោក អាល់ហ្វុនសូ ដាស្ទីស (Alfonso Dastis) បានបង្ហើបថា លោក Puigdemont បើតាមទ្រឹស្តីអាចឈរឈ្មោះ ដើម្បីប្រកួតប្រជែង នៅក្នុងការបោះឆ្នោតនាចុងឆ្នាំនេះបាន ប្រសិនបើលោកនៅតែមិនត្រូវជាប់ពន្ធនាគារ រហូតដល់ថ្ងៃបោះឆ្នោតទេនោះ៕