(ហាណូយ)៖ គិតចាប់ពីខែមករារហូតមកដល់ខែតុលា ឆ្នាំ២០១៧នេះ វៀតណាមទទួលបានភ្ញៀវទេសចរចិនដល់ជាង ៣.២លាននាក់ ដែលចំនួននេះមានការកើនឡើងប្រមាណ ៤៥.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។
ក្រសួងទេសចរណ៍វៀតណាមបានឲ្យដឹងថា ប្រទេសរបស់ខ្លួនកំពុងតែធ្វើការងារយ៉ាងសកម្ម ដើម្បីលើកមុខមាត់ទីតាំងទេសចរណ៍សំខាន់ៗ ក៏ដូចជាកំពុងរួមសហការយ៉ាងមមាញឹកជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហានៃបណ្តាទីភ្នាក់ងារទេសចរណ៍ ដែលធ្វើការពុំសូវបានល្អ ដោយសង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរចិន ឲ្យបានប្រហែល ០៤លាននាក់ នៅក្នុងចំណោមភ្ញៀវទេសចរបរទេសសរុប ដែលគេព្យាករណ៍ថា អាចមានចំនួន ១៣លាននាក់ សម្រាប់ឆ្នាំនេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះវៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកពីក្រៅប្រទេសជិត ១០.៥លាននាក់ (កើនឡើង ២៨.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន) ដោយចំនួនភ្ញៀវទេសចរបរទេសដែលបានកើនខ្លាំងជាងគេបំផុតនោះ គឺកូរ៉េខាងត្បូង (៥៣.៩ភាគរយ) តាមពីក្រោយដោយចិន (៤៥.៦ភាគរយ), រុស្ស៊ី (៣៨.៣ភាគរយ), អេស៉្បាញ (២០.៦ភាគរយ), និងនូវែលសេឡង់ (១៧.៦ភាគរយ) ហើយនៅក្នុងចំណោមចំនួនភ្ញៀវទេសចរអន្តរជាតិទាំងនោះ គឺធ្វើដំណើរមកពីអាស៊ីច្រើនជាងគេបង្អស់ (៧.៩លាននាក់) និងបន្ទាប់មកគឺអ្នកទេសចរមកពីអឺរ៉ុប (ជាង១.៥លាននាក់)៕