(តូក្យូ)៖ អគ្គលេខាធិការអង្គការ NATO លោក ចេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បានហៅប្រទេសកូរ៉េខាងជើងថា ជាគ្រោះមហន្តរាយដ៏ធំបំផុត សម្រាប់សកលលោកទាំងមូល និងបានសង្កត់ធ្ងន់ទៀតថា លោកគាំទ្រជានិច្ចចំពោះការដាក់ទណ្ឌកម្ម ឲ្យកាន់តែតឹងរ៉ឹងជាងមុន ប្រឆាំងរដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។
ការថ្លែងធ្ងន់ៗបែបនេះរបស់ លោក Stoltenberg ធ្វើឡើងស្របពេលដែលប្រមុខដឹកនាំនៃ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងរូបនេះ កំពុងបំពេញដំណើរទស្សនកិច្ចនៅឯប្រទេសជប៉ុន ដែលនាពេលកន្លងមកនេះ បានក្លាយជាគោលដៅនៃការធ្វើសកម្មភាពបង្កហេតុ របស់ទីក្រុងព្យុងយ៉ាង។ លោក Jens Stoltenberg បានមកដល់ទីក្រុងតូក្យូ ដើម្បីចូលជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលទើបបានជាប់ឆ្នោតជាមេដឹកនាំជប៉ុន បន្តទៀតកាលពីពេលថ្មីៗនេះ ហើយបានសន្យាថា នឹងចាត់វិធានការក្តៅ ទប់ទល់នឹងកូរ៉េខាងជើង នៅចំពោះមុខមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុនដទៃៗទៀត រួមមានទាំងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Itsunori Onodera ផងដែរ។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង បានបង្កឲ្យអន្តរជាតិមានក្តីព្រួយបារម្ភជាខ្លាំង ក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ តាមរយៈការបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរលើកទី០៦ ដែលខ្លាំងក្លាជាងរាល់ដង ក៏ដូចជាការធ្វើតេស្តបាញ់មីស៊ីលផ្លោង ដែលនឹងអាចហោះដល់ទឹកដីសហរដ្ឋអាមេរិក ហើយជាមួយគ្នានេះទៀត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើសង្រ្គាមពាក្យសម្តីដាក់គ្នាទៅវិញទៅមក ដែលធ្វើឲ្យមនុស្សមួយចំនួនមានការភ័យខ្លាចថា នឹងអាចឈានទៅរកការផ្ទុះសង្រ្គាមមែនទែន។ ដោយឡែក មិនដល់មួយខែមុននោះឡើយ កូរ៉េខាងជើង បានផ្លោងមីស៊ីលចំនួន ០២គ្រាប់ រំលងពីលើភាគខាងជើង ប្រទេសជប៉ុន ដោយគ្មានញញើតអ្វីសូម្បីតែបន្តិច៕