(ស៊ីដនី)៖ ក្រុមអ្នកផលិតទឹកឃ្មុំអូស្ត្រាលី មានការខឹងសម្បារយ៉ាងខ្លាំង ក្រោយលេចលឺព័ត៌មានថា ឧស្សហកម្មទឹកឃ្មុំរបស់ប្រទេសនូវែលសេឡង់ កំពុងព្យាយាមបង្កើតម៉ាកទឹកឃ្មុំ «Manuka» ចែកចាយនៅទូទំាងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។
ជាការឆ្លើយតប ក្រុមអ្នកផលិតទឹកឃ្មុំអូស្ត្រាលី បានបង្កើតឧស្សហកម្មថ្មីមួយ ដែលពួកគេហៅថា Australian Manuka Honey Association (AMHA) ដើម្បីធ្វើសង្រ្គាមទឹកឃ្មុំជាមួយនូវែលសេឡង់។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយស៊ីនហួរ នាយក AMHA លោក ផូល ខាលឡេនដឺ (Paul Callander) បានពន្យល់ថា មុខងារនៃឧស្សាហកម្មទឹកឃ្មុំថ្មីនេះ នឹងបញ្ជាក់ប្រាប់ពិភពលោកថា Manuka គឺជាផលិតផលមានដើមកំណើតពីប្រទេសអូស្ត្រាលី។
លោក Callander បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «សមាគមទឹកឃ្មុំ Manuka អូស្ត្រាលី នឹងប្រឹងប្រែងធានាឱ្យបានថា ទឹកឃ្មុំ Manuka របស់អូស្ត្រាលីនឹងចូលដោយភាពត្រឹមត្រូវ ទៅកាន់ទីផ្សារពិភពលោក ហើយសមាគមថ្មីរបស់យើងមួយនេះ នឹងប្ដេជ្ញាចិត្តការពារបូរណភាព និងកេរ្ត៍ឈ្មោះនៃទឹកឃ្មុំ Manuka អូស្ត្រាលី»។
គួរបញ្ជាក់ថា បើតាមលោក Paul Callander ទឹកឃ្មុំ Manuka ចំនួន ៤០ ទៅ ៥០ភាគរយ នៃទីផ្សាទឹកឃ្មុំពិភពលោក បានលក់ទៅកាន់ប្រទេសចិន ប៉ុន្តែខាងនូវែលសេឡង់បានអះអាងថា ទឹកឃ្មុំប្រភេទនេះគឺជាផលិតផលរបស់ខ្លួន ពីព្រោះពាក្យ Manuka មានដើមកំណើតមកពីជនជាតិ Mori នៅក្នុងប្រទេសនូវែលសេឡង់៕