(តៃវ៉ាន់)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បាននិយាយថា តៃវ៉ាន់បានយល់យ៉ាងច្បាស់ពីតម្រូវការ លើការចំណាយថវិកាកាន់តែច្រើនសម្រាប់វិស័យការ ពារជាតិ ក៏ដូចជាបង្កើនការចំណាយលើវិស័យយោធាផងដែរ។ នេះបើតាមសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោកស្រី ត្សៃ ធ្វើឡើងនៅអំឡុងបំពេញទស្សនកិច្ចនៅក្នុងរដ្ឋ ហាវ៉ៃ (Hawaii) កាលពីចុងសប្ដាហ៍កន្លងទៅ មុននឹងលោកស្រីធ្វើដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍ ទៅកាន់តំបន់ដែនកោះចំនួនបីជាសម្ព័ន្ធមិត្តតៃវ៉ាន់ នៅក្នុងតំបន់ប៉ាស៊ីហ្វិករួមមាន ទូវ៉ាលូ (Tuvalu), សូឡូម៉ុន (Solomon) និង ម៉ាសល (Marshall) ដោយឆ្លងកាត់តាមទីក្រុង ហូណូលូលូ (Honolulu) និងកោះ ហ្គាំ (Guam)។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ មុននឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅសួរសុខទុក្ខប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដល់ទីក្រុងប៉េកាំង។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលទីក្រុងប៉េកាំងបានជំទាស់យ៉ាងខ្លាំង រហូតដល់អំពាវនាវដល់សហរដ្ឋអាមេរិក កុំឱ្យលោកស្រី ត្សៃ ធ្វើដំណើរកាត់តាមទឹកដីអាមេរិក ដើម្បីឆ្ពោះទៅ និងមកពីដែនដីជាសម្ព័ន្ធមិត្តតៃវ៉ាន់ នៅក្នុងតំបន់ប៉ាស៊ីហ្វិកនោះឲ្យសោះ។
យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍បានបញ្ជាក់ថា ដំណើររបស់លោកស្រី ត្សៃ អ៊ីងវិន កាត់តាមទឹកដីអាមេរិក គ្រាន់តែជាការធ្វើដំណើរលក្ខណៈឯកជន និងក្រៅផ្លូវការ តែប៉ុណ្ណោះ ដែលនេះបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានបំណងផ្លាស់ប្ដូរគោលនយោបាយ ចិនតែមួយនោះឡើយ។
ជុំវិញរឿងរសើបខាងលើនេះ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយ វិមានប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃចន្ទនេះ លោកស្រីប្រធានាធិបតីបានគូសបញ្ជាក់ថា «ទំនាក់ទំនងរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកបច្ចុប្បន្ន គឺជាទំនាក់ទំនងមិត្តភាពមិនធ្លាប់មានពីមុនមក... យើងពិតជារីករាយ ដែលបានឃើញការចូលរួមចំណែកពីសហរដ្ឋអាមេរិក ក្នុងការរក្សាស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបន្ទាប់ពីជួបប្រជុំជាមួយសហរដ្ឋអាមេរិក យើងបានយល់យ៉ាងច្បាស់ពីភាពចាំបាច់ នៃការបង្កើនការចំណាយលើវិស័យយោធា»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងតៃវ៉ាន់មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយនឹងគ្នានោះទេ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានបង្កើតទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ចាប់ពីឆ្នាំ១៩៧៩មក។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែឈរនៅពីក្រោយគាំទ្រតៃវ៉ាន់ ប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលចិន នៅក្នុងបរិបទដែលថ្នាក់ដឹកនាំចិន មិនបានបោះចោលគំនិតវាយយកកោះតៃវ៉ាន់មកវិញនោះទេ បើសិនជាទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ៕