(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបានសម្រេចចិត្ត ដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-2 មានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ទៅកាន់តំបន់មិនកំណត់អត្តសញាណនៃភាគខាង លិចតំបន់ប៉ាស៊ីហ្វិក នៅមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីជាលើកដំបូង នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។
គំរោងនៃការហោះហើរយន្ដហោះទម្លាក់គ្រាប់បែក B-2 មិនត្រូវបានចេញផ្សាយដោយសេតវិមាន ឬក៏ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក STRATCOM ឡើយ បើទោះជាមូលដ្ឋានទ័ព អាកាសអាមេរិកជាច្រើននៅកូរ៉េខាងត្បូង និងជប៉ុន បានបញ្ចូលទៅក្នុងបញ្ជីយន្ដហោះរយៈចំងាយឆ្ងាយ សម្រាប់ផ្ដល់ជំនួយក៏ដោយ។
តែទោះជាបែបនេះក្ដី បើតាមសារព័ត៌មាន Japan Times យន្ដហោះចម្បាំងនេះទំនងជាអាចនឹងហោះហើរសម្ញែងឫទ្ធិ នៅលើឧបទ្វីបកូរ៉េ ក្នុងគោលបំណងកាត់បន្ថយការព្រួយបារម្ភរបស់ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ក៏ដូចជាបង្ហាញពីការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្តទាំងនេះ ពីការបង្ករឿងជាយថាហេតុណាមួយ ពីសំណាក់កូរ៉េខាងជើង នៅអំឡុងដំណើរទស្សនកិច្ចនៃលោក ដូណាល់ ត្រាំ មកកាន់ទ្វីបអាស៊ី។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញមួយចំនួន កូរ៉េខាងជើងទំនងជាអាចនឹងធ្វើតេស្ដមីស៊ីលផ្លោងសាជាថ្មី នាឱកាសដែលប្រធានាធិបតីអាមេរិក ធ្វើដំណើរមកតំបន់អាស៊ី នៅខែវិច្ឆិកា ជាពិសេសនៅពេល លោក ត្រាំ ចុះសំចតនៅកូរ៉េខាងត្បូង និងធ្វើទស្សនកិច្ចទៅកាន់តំបន់គ្មានយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង៕