(រីយ៉ាដ)៖ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កំពុងចាប់ផ្តើមបន្ធូរបន្ថយការដាក់កំហិត ទៅលើស្រ្តីភេទ ក្នុងការចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាដោយផ្ទាល់ ដោយចាប់ពីដើមឆ្នាំ២០១៨តទៅ អាជ្ញាធរនៃប្រទេសនេះ នឹងអនុញ្ញាតឲ្យស្រ្តីៗទាំងអស់ មានវត្តមាននៅតាមកីឡាដ្ឋានចំនួនបីក្នុងទីក្រុងធំៗ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។
បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរកីឡាអារ៉ាប៊ីសាអូឌីត កីឡាដ្ឋាន King Fahd នៅក្នុងរាជធានីរីយ៉ាដ, កីឡាដ្ឋាន King Abdullah Sport City នៅក្នុងទីក្រុង Jeddah, និងកីឡាដ្ឋាន Prince Mohammed Bin Fahd នៅក្នុងទីក្រុង Dammam ដែលពីដើមឡើយទទួលតែអ្នកទស្សនាជាបុរសនោះ នឹងចាប់ផ្តើមការរៀបចំដើម្បីទទួលមនុស្សជាលក្ខណៈក្រុមគ្រួសារចូលទស្សនានៅទីនោះ។
យ៉ាងណាមិញ ការរៀបចំកន្លែងអង្គុយមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេនៅពេលនេះ ខណៈតាមទំលាប់បុរស និងស្រ្តីអារ៉ាប៊ីសាអូឌីត ត្រូវគេដាក់ឲ្យនៅដោយឡែកពីគ្នា នៅក្នុងកន្លែងនានា ដែលពួកគេត្រូវបានអនុញ្ញាតឲ្យចូលរួមទាំងពីរភេទ។
គួរបញ្ជាក់ថា នេះគឺជាការផ្លាស់ប្តូរទំនៀមទំលាប់ថ្មីចុងក្រោយគេបំផុត នៅអារ៉ាប៊ីសាអូឌីត ដើម្បីផ្តល់សិទ្ធិសេរីភាពកាន់តែទូលំទូលាយជាងមុន ជូនដល់ស្រ្តីភេទបន្ទាប់ពីក្រឹត្យជាប្រវត្តិសាស្រ្តមួយកាលពីខែកញ្ញាកន្លងទៅ បានកំណត់ថា នឹងអនុញ្ញាតឲ្យពួកគេបើកបររថយន្ត៕