(បាកដាដ)៖ មេដឹកនាំឃើដ លោក ម៉ាហ្សួដ បាហ្សានី (Masoud Barzani) បាននិយាយថា លោកនឹងលាលែងពីតំណែងជាប្រធានាធិបតី នៅថ្ងៃទី០១ ខែវិចិ្ឆកាខាងមុខនេះ នៅក្នុងបរិបទដែលឃើដកំពុងមានភាពតានតឹង ជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ ពាក់ព័ន្ធនឹងការបោះឆ្នោតប្រជាមតិ ដើម្បីត្រៀមប្រកាសឯករាជ្យកាលពីចុងខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកញ្ចក់ទូរទស្សន៍ជាលើកដំបូង គិតចាប់ទីក្រុងបាកដាដ បើកប្រតិបត្តិការយោធា វាយដណ្ដើមយកទឹកដីមួយរបស់ឃើដ ក្នុងទីក្រុង ឃើគុក (Kirkuk) កាលពីថ្ងៃទី១៦ ខែតុលា លោក Barzani បានអះអាងថា លោកនឹងមិនឈរឈ្មោះ ឬក៏បន្តកាន់តំណែងជាប្រធានាធិបតីទៀតនោះទេ ទោះបីជាស្ថិតនៅក្នុលក្ខខណ្ឌបែបណាក៏ដោយ រាប់ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះតទៅ។ មេដឹកនាំឃើដរូបនេះ បានបន្ថែមដូច្នេះថា «ខ្ញុំនៅតែជា Masoud Barzani និង Peshmerga (អ្នកប្រយុទ្ធឃើដ) ដដែល ហើយខ្ញុំនឹងនៅតែបន្តជួយប្រជាជន របស់ខ្ញុំតស៊ូទាមទារឯករាជ្យ»។
គួរបញ្ជាក់ថា សន្ទរកថានោះដែរ លោក Masoud Barzani ក៏បានថ្កោលទោសសហរដ្ឋអាមេរិកផងដែរ សម្រាប់ការបរាជ័យក្នុងការគាំទ្រឃើដ។ «យើងបានព្យាយាមបញ្ឈប់ការបង្ហូរ ឈាមប៉ុន្តែកងទ័ពអ៊ីរ៉ាក់នៅតែប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក វាយប្រហារមកលើពួកយើង ខណៈប្រជាជនរបស់ពួកយើងបានចោទសួរថា តើសហរដ្ឋអាមេរិកបានដឹងថា អ៊ីរ៉ាក់វាយប្រហារ ចុះហេតុអ្វីបានជាមិនទប់ស្កាត់វា»។ នេះបើតាមលោក Masoud Barzani៕