(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) បាននិយាយថា អ៊ីរ៉ង់នឹងបន្តផលិតមីស៊ីលទុកសម្រាប់ការពារខ្លួនឯង ត្បិតការធ្វើបែបនេះមិនមែនជាការរំលោភបំពានលើ កិច្ចព្រមព្រៀងអន្តរជាតិឡើយ។ ទន្ទឹមគ្នា ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានចំអកដែរថា បើនៅតែប្រកាន់ចរិកដូចសព្វថ្ងៃ សហរដ្ឋអាមេរិកគួរតែបំភ្លេចរាល់ការប៉ុនប៉ងស្វែងរកកិច្ចចរចា ជាមួយបណ្ដាប្រទេសដទៃដូចជាកូរ៉េខាងជើងជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។
លោក Rouhani ថ្លែងបែបនេះនៅក្នុងសន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃអាទិត្យ។ លោក Rouhani បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបាននិងកំពុងបន្តផលិត គ្រាប់មីស៊ីលទុកសម្រាប់ការពារខ្លួនឯង ព្រោះថា ការធ្វើបែបនេះមិនមែនជាការរំលោភបំពាន លើកិច្ចព្រមព្រៀងអន្តរជាតិអ្វីនោះទេ... មួយវិញទៀត អ្នក (សហរដ្ឋអាមេរិក) មិនបានយកចិត្តទុកដាក់ ចំពោះកិច្ចចរចា និងកិច្ចព្រមព្រៀងនាពេលកន្លងមក ដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ដូច្នេះតើអ្នកគិតថា មានអ្នកដទៃឯណានឹងចរចាជាមួយ អ្នកទៀត? ហើយដោយសារតែចរិករបៀបនេះ សហរដ្ឋអាមេរិកគួរតែបំភ្លេចរាល់ការប៉ុនប៉ង ស្វែងរកកិច្ចចរចាជាមួយបណ្ដាប្រទេសដទៃ»។
គួរបញ្ជាក់ថា ការថ្លែងខាងលើរបស់ លោក Hassan Rouhani ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាអាមេរិក បានបោះឆ្នោតលើទណ្ឌកម្មថី្មមួយ ប្រឆាំងនឹងកម្មវិធីមីស៊ីលអ៊ីរ៉ង់ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ បានគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥៕