(សេអ៊ូល)៖ គណកម្មាធិការទីមួយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ បានដាក់ចេញនូវសេចក្តីសម្រេចចំនួនបី ដោយប្រកាសបដិសេធទៅលើការបាញ់សាកល្បងនុយក្លេអ៊ែររបស់ប្រទេស កូរ៉េខាងជើង នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដកស្រង់ដោយសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។
លោក Mohammed Hussein Bahr Aluloom របស់ប្រទេស អ៊ីរ៉ាក់ ដឹកនាំគណកម្មាធិការអង្គការសហប្រជាជាតិ ដែលបានពិភាក្សាគ្រប់លើប្រធានបទទាំងអស់ទាក់ទងនឹងការលុបបំបាត់អាវុធ និងសន្តិសុខអន្តរជាតិបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា សេចក្តីព្រាងនៃសេចក្តីសម្រេច L35 បានចែងអំពី"សកម្មភាពរួម និងការប្តេជ្ញាចិត្តជាថ្មី ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង" ត្រូវបានអនុម័តសម្រេចយល់ព្រមដោយ១៤៤ប្រទេស ៤ប្រទេសប្រឆាំង និង២៧ប្រទេសអនុបវាទ។
សេចក្តីសម្រេចនេះ ការពិតទៅផ្តើមដោយប្រទេស ជប៉ុន ដែលមានសហរដ្ឋអាមេរិក និងអង់គ្លេសនៅពីក្រោយខ្នង ដោយអំពាវនាវសុំអោយមានការហាមឃាត់ទាំងស្រុងនូវការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែសារព័ត៌មាន VOA បានបញ្ជាក់ថា សេចក្តីសម្រេចនេះ មានគោលដៅដើម្បីទប់ទល់នឹងប្រទេស កូរ៉េខាងជើង ដែលបានបាញ់សាកល្បងនុយក្លេអ៊ែរលើកទីប្រាំមួយរបស់ខ្លួនកាលពីខែមុនប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ប្រទេស ចិន រុស្ស៊ី កូរ៉េខាងជើង និងស៊ីរី ជាប្រទេសទាំងបួន ដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនេះ៕