(សូម៉ាលី)៖ អាជ្ញាធរសូម៉ាលី បានឱ្យដឹងថាការវាយប្រហារបំផ្ទុះគ្រាប់បែកពីរលើក បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់ នៅក្នុងរដ្ឋធានី Mogadishu តែពីរសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី មនុស្ស៣៥៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុត នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វិ្រកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ក្រុមសកម្មប្រយុទ្ធជាច្រើននាក់បានដឹកនាំការវាយប្រហារបំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្ដ កាលពីថ្ងៃសៅរ៍ សំដៅទៅលើសណ្ឋាគារមួយកន្លែង ខណៈគ្រាប់បែក ទីពីរត្រូវគេបំផ្ទុះ នៅក្បែរអតីតវិមានសភានៅជិតនោះ ដោយបានផ្ដាច់យកអាយុជីវិតមនុស្ស២៥នាក់ និងជាច្រើននាក់ទៀតរងរបួស។ ដោយឡែក ភ្លាមៗនោះដែរ ក្រុមឧទ្ទាម al-Shabab មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានចេញអះអាងថា ខ្លួនអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកទាំងពីរលើកនេះ ហើយថាខ្លួនជ្រើសរើសគោលដៅនៃការវាយប្រហារនេះ ពីព្រោះវាទីប្រជុំជនសម្បូរមន្រ្តីសន្តិសុខ និងអ្នកនយោបាយ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែតុលា អាជ្ញាធរសូម៉ាលី បានចង្អុលមុខក្រុមឧទ្ទាម al-Shabab នេះម្ដងរួចមកហើយថាជាអ្នកដឹកនាំការវាយប្រហារបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សដល់ទៅ ៣៥៨នាក់ និង៥៦នាក់បានបាត់ខ្លួន នៅក្នុងរដ្ឋធានី Mogadishu។ ក៏ប៉ុន្តែ ក្រុមឧទ្ទាមមួយនេះ បានបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធអ្វីនឹងការវាយប្រហារនេះទេ។