(វ៉ាស៊ីនតោន)៖ បើជាទោះជាមានការជំទាស់ពីចិនក៏ដោយ នៅទីបំផុតយន្ដហោះប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានទៅដល់ទីក្រុង Honolulu នៃរដ្ឋ Hawaii របស់សហរដ្ឋអាមេរិកហើយ មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់តំបន់ដែនកោះចំនួនបីនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាសម្ព័ន្ធមិត្តតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០១៧។
លោកស្រី Tsai Ing-wen បានចាប់ផ្ដើមធ្វើដំណើរ កាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍ ទៅកាន់តំបន់ដែនកោះចំនួនបីនៅក្នុង តំបន់ប៉ាស៊ីហ្វិករួមមាន Tuvalu, Solomon និង Marshall ដោយឆ្លងកាត់តាមទីក្រុង Honolulu និងកោះ Guam។ ក៏ប៉ុន្តែ ជុំវិញដំណើរទស្សនកិច្ចនេះដែរ ក្រសួងការបរទេសចិនបានអំពាវ នាវឱ្យសហរដ្ឋអាមេរិក កុំបណ្ដោយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ធ្វើដំណើរកាត់តាមទឹកដីអាមេរិក ឆ្ពោះទៅ និងមកពីដែនដីជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ នៅក្នុង តំបន់ប៉ាស៊ីហ្វិកឱ្យសោះ។ «ចិនបានបង្ហាញគោលជំហរយ៉ាងម៉ឺងម៉ាត់ ទៅកាន់សហរដ្ឋអាមេរិកចំពោះបញ្ហានេះ ក៏ដូចជាជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន គោរពឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ចិនតែមួយ»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ។ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ បានបញ្ជាក់ថា ដំណើររបស់លោកស្រី ត្សៃ អ៊ីងវិន កាត់តាមទឹកដីអាមេរិក គ្រាន់តែជាការធ្វើដំណើរលក្ខណៈឯកជន និងក្រៅផ្លូវការតែប៉ុណ្ណោះ ដែលនេះបញ្ជាក់ថាសហរដ្ឋ អាមេរិក មិនមានបំណងផ្លាស់ប្ដូរគោលនយោបាយចិនតែមួយនោះឡើយ។
គួរបញ្ជាក់ថា ការអំពាវនាវខាងលើរបស់ចិន ត្រូវបានគេមើលឃើញថាជាការធ្វើតេស្ដមួយលើគោលជំហរអាមេរិកចំពោះកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាខេត្តរបស់ខ្លួន មុននឹង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង នៅខែវិច្ឆិកាខាងមុខនេះ៕