(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានផ្លូវទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរជាដាច់ខាត ហើយថាការបង្ករឿង ឬក៏ការឈ្លានពានណាមួយមកលើសម្ព័ន្ធមិត្តអាមេរិកពីសំណាក់កូរ៉េខាងជើង នឹងមិនត្រូវបានលើកលែងឱ្យជាដាច់ខាត ព្រមទំាងនឹងត្រូវ កម្ទេចចោលដោយកម្លាំងយោធាផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ​Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា​ ឆ្នាំ២០១៧។

ថ្លែងនៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ លោក Mattis និងលោក Young-moo បានគូសបញ្ជាក់នៅក្នុង​សេចក្ដីថ្លែងការណ៍​រួមដូច្នេះថា៖ «ការឈា្លនពាន ឬក៏ការបង្ករឿងផ្នែកយោធា របស់កូរ៉េខាងជើងនឹងមិនត្រូវបានលើកឡើងឱ្យជាដាច់ខាត...ម្យ៉ាងវិញទៀតសហរដ្ឋអាមេរិក​ក៏គ្មានផ្លូវទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរដែរ ហើយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលនឹង​បន្តធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាដើម្បីធ្វើកូរ៉េខាងជើងយល់ថាមិនអាចទទួលបានផលអ្វីឡើយពីការអាកប្បកិរិយាបង្ករឿងរបស់ខ្លួន»

តែទោះជាយ៉ាងក៏ដោយ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បានទាត់ចោលគំនិតដាក់ពង្រាយ​អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ​នៅលើតំបន់ឧបទ្វីបកូរ៉េ ជាការឆ្លើយតបតនឹងការរីកចំរើនទៅមុខ នៃបច្ចេកវិទ្យាមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕