(សេអ៊ូល)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) នាថ្ងៃសៅរ៍នេះបានព្រមានធ្ងន់ៗថា កូរ៉េខាងជើងនឹងប្រឈមមុខ ចំពោះរិទ្ធិអំណាចយោធាដ៏សម្បើមបំផុត ប្រសិនបើហ៊ានតែប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងសេអ៊ូល នៅថ្ងៃចុងក្រោយនៃដំណើរបំពេញទស្សនកិច្ចរបស់លោក នៅកូរ៉េខាងត្បូង លោក James Mattis បាននិយាយថា «កុំច្រឡំឲ្យសោះ! ការវាយប្រហារណាមួយ មកលើសហរដ្ឋអាមេរិក ឬក៏សម្ព័ន្ធមិត្តរបស់យើង នឹងត្រូវទទួលបរាជ័យជាក់ជាពុំខាន។ ការប្រើប្រាស់ណាមួយ នៃអាវុធនុយក្លេអ៊ែរ ដោយកូរ៉េខាងជើង នឹងត្រូវប្រឈមមុខជាមួយ ការឆ្លើយតបដោយកម្លាំងយោធាដ៏ធំសម្បើមមួយ ដែលប្រកបដោយប្រសិទ្ធភាព និងខ្លាំងលើសលប់ទៅវិញ។
ដោយឡែក កាលពីថ្ងៃសុក្រសម្សិលមិញ ថ្លែងនៅឯតំបន់គ្មានយោធានៃព្រំដែនអន្តរកូរ៉េ លោក Mattis បានគូសបញ្ជាក់ថា ប្រទេសរបស់លោកមិនមានចេតនាចង់បង្កសង្រ្គាមជាមួយប្រទេសកូរ៉េខាងជើងឡើយ តែចង់ឲ្យតំបន់ឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក ទៅវិញទេ៕