(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្តគ្រោងនឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែត នាំយកឧបករណ៍ស្រាវជ្រាវមួយ ដោយសង្ឃឹមថា នឹងអាចសិក្សាស្វែងយល់ឲ្យបានច្រើនអំពីតំបន់ឧស្ម័នដ៏អាថ៌កំបាំង ដែលគេហៅថា Intergalactic Medium។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារអវកាសអាមេរិក NASA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។
ឧបករណ៍ DEUCE នឹងត្រូវបង្ហោះជាមួយគ្រាប់រ៉ុក្កែត Black Brant IX ដែលបំពាក់នូវ Len កាំរស្មី Ultraviolet ដ៏ពិសេស ចេញពីមូលដ្ឋានយោធា White Sands Missile Range Las Cruces នៅក្នុងរដ្ឋ New Mexico។ គម្រោងបេសកកម្មនេះ ត្រូវបានគ្រោងឡើង ដើម្បីធ្វើការវាស់ស្ទង់ពន្លឺផ្កាយរបស់ផ្កាយមួយគូ នៅក្នុងបណ្តុំផ្កាយ Canis Major ក្រោមគោលបំណងជួយក្រុមអ្នកស្រាវជ្រាវ បង្កើនការយល់ដឹងអំពីតំបន់ឧស្ម័ន Intergalactic Medium ឬហៅកាត់ថា IGM។
បើតាម NASA សមាសធាតុភាគច្រើននៅចក្រវាឡយើង គឹស្ថិតក្នុងតំបន់ដ៏ងងឹតដ៏ធំល្វឹងល្វើយ ដែលនៅចន្លោះកាឡាក់ស៊ីនេះ ហើយ IGM មានកម្រិតនៃការបញ្ចេញពន្លឺតិចតួចស្តួចស្តើងបំផុត ដែលជាហេតុធ្វើឲ្យអ្នកវិទ្យាសាស្រ្ត មានការលំបាកក្នុងការសិក្សាស្វែងយល់អំពីវា។
ក្នុងអំឡុងការហោះហើរចំនួន ០២លើក DEUCE នឹងធ្វើការអង្កេតមើលទៅលើតារាចំនួន ០២ដួង ដោយជាដំបូងគឺមើលទៅលើផ្កាយ Beta Canis Major និងក្រោយមកទៀតទៅលើផ្កាយ Epsilon Canis Major តាមរយៈការប្រើប្រាស់កែវយឺតមួយ ដែលប្រតិកម្មជាមួយពន្លឺកាំរស្មី UV។ ការពិសោធន៍នេះ ត្រូវបានគេគ្រោងនឹងចាប់ផ្តើមម្តងទៀត នៅខែធ្នូ ឆ្នាំ២០១៨ ដើម្បីអង្កេតមើលផ្កាយ Epsilon Canis Major។
គួរបញ្ជាក់ថា ផ្កាយទាំង ០២នេះ គឺនៅកៀកល្មមគ្រប់គ្រាន់ឲ្យពន្លឺរបស់វាជះមកដល់ផែនដី មុនពេលត្រូវបានស្រូបយកទាំងស្រុង ដោយឧស្ម័ននៅចន្លោះប្រព័ន្ធផ្កាយ ដែលកត្តានេះអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវ ធ្វើការវាស់វែងទៅលើបរិមាណនៃពន្លឺផ្កាយទាំងនោះ ថាតើវាគ្រប់គ្រាន់ ដើម្បីចូលរួមចំណែកក្នុងបរិមាណនៃឧស្ម័ននៅក្នុង IGM ដែរឬយ៉ាងណា៕