(ណៃពិដោ)៖ ប៉ូលិសមីយ៉ាន់ម៉ាបានចាប់អ្នកសារព័ត៌មានពីររូប យកទៅឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំការសាកសួរ បន្ទាប់ពីជនបរទេសទាំងពីររូបនេះ បានបង្ហោះយន្តហោះដ្រូន (Drone) ពីលើអគាររដ្ឋសភាជាតិ ក្នុងរដ្ឋធានីណៃពិដោរបស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។
សេចក្តីរាយការណ៍បានបន្តទៀតថា អ្នកកាសែតទាំងពីររូបខាងលើនេះ គឺម្នាក់ជាជនជាតិសិង្ហបុរី និងម្នាក់ទៀតម៉ាឡេស៊ី កំពុងតែស្ថិតនៅក្នុងការសាកសួរ និងតាមដានជាបន្តទៀត ក្រោយពីត្រូវបានចាប់ខ្លួន ព្រមទាំងរឹបអូសយន្តហោះដ្រូនទុកជាបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់ក្រសួងកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា អ្នកកាសែតទាំងពីររូបខាងលើនេះ បម្រើការងារឲ្យស្ថាប័នវិទ្យុ និងទូរទស្សន៍តួកគី (TRT)៕