(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) បានបញ្ជាក់អះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងនៅតែបន្តការដាក់សម្ពាធសេដ្ឋកិច្ច និងការទូតទៅលើប្រទេសកូរ៉េខាងជើងដដែល ដើម្បីរាំងខ្ទប់ការអភិវឌ្ឍកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក Pence ធ្វើឡើងក្នុងឱកាសបំពេញដំណើរទស្សនកិច្ចរបស់ លោកអនុប្រធានាធិបតី ទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិកនៅឯរដ្ឋ ណតស៍ ដាកូតា (North Dakota) ជាទីជម្រកនៃយន្តហោះទម្លាក់គ្រាប់ B-52 ដ៏មានអនុភាព និងមីស៊ីលផ្លោងឆ្លងទ្វីប ICBM។ នាអំឡុងដំណើរទស្សនកិច្ច លោក Pence បានថ្លែងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនៅតែបន្តអនុវត្តន៍ ការដាក់សម្ពាធសេដ្ឋកិច្ចក៏ដូចជាការទូត ដើម្បីបង្ខំឲ្យកូរ៉េខាងជើង បោះបង់ចោលមហិច្ឆតាអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន»។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ដែលបាន និងកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រទេសរបស់លោក «ពុំមានចេតនាចង់បំផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើងនោះទេ ប៉ុន្តែអាមេរិកគ្រាន់តែចង់ឲ្យឧបទ្វីបកូរ៉េ គ្មានអាវុធប្រល័យលោកតែប៉ុណ្ណោះ»។
គួរជម្រាបថា ការលើកឡើងពីមន្រ្តីកំពូលៗទាំង ០២រូប របស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើង នៅមុនដំណើរទស្សនកិច្ចនៅអាស៊ីរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥ រូបនេះ ដែលនឹងផ្តើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ វានឹងក្លាយជាដំណើរទស្សនកិច្ច លើកដំបូងបំផុតរបស់លោក ទៅកាន់តំបន់នេះ ចាប់តាំងតែពីលោក ត្រាំ បានស្បថឡើងកាន់តំណែងកាលពីដើមឆ្នាំនេះមក ហើយក្នុងឱកាសនោះ លោកក៏នឹងធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងផងដែរ៕