(វ៉ាស៊ីនតោន)៖ អគ្គនាយករងទទួលបន្ទុកផ្នែកផ្សព្វផ្សាយរបស់ ក្រុមហ៊ុន Facebook លោក រ៉ុប ហ្គោលមែន (Rob Goldman) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សរាល់គ្នាដែលបង្ហោះផ្ទាំងផ្សព្វផ្សាយ នៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ធំជាងគេនេះ នឹងត្រូវផ្តល់ឯកសារចាំបាច់នានា ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ពួកគេ ជាពិសេសសម្រាប់ការផ្សព្វផ្សាយពាក់ព័ន្ធផ្នែកនយោបាយ ដែលនេះជាការរឹតបន្តឹងផ្នែកសន្តិសុខ និងតម្លាភាពថ្មីមួយទៀត ក្រោយការទើបសាកល្បងបែងចែក News Feed និង Pages Feed ដាច់ពីគ្នាកាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។
លោក Goldman បាននិយាយដូច្នេះថា «នៅពេលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ (Ads) នៅលើ Facebook អ្នកប្រើប្រាស់ទាំងអស់ គួរតែមានសិទ្ធិដឹងថា ម្ចាស់ផ្សព្វផ្សាយទាំងនោះគឺជានរណា ជាពិសេសនោះសម្រាប់ផ្ទាំងផ្សព្វផ្សាយផ្នែកនយោបាយតែម្តង។ ចាប់ផ្តើមពីខែក្រោយទៅ អ្នកទាំងអស់គ្នា នឹងអាចចុចលើប៊ូតុង View Ads នៅលើ Page និងបើកមើលផ្ទាំងផ្សព្វផ្សាយដែលមាននៅក្នុង Page នោះ ទោះបីជាបុគ្គលដែលចុចមើលនោះ ស្ថិតនៅក្នុងគោលដៅទស្សនិកជន របស់ការផ្សព្វផ្សាយដែរ ឬអត់ក៏ដោយ»។
លោក Goldman បានពន្យល់ថា ការដាក់ចេញនូវកម្មវិធីធ្វើឲ្យមានតម្លាភាពក្នុងការផ្សព្វផ្សាយថ្មីនេះ នឹងចាប់ផ្តើមនៅក្នុងប្រទេសកាណាដា ខណៈនៅអំឡុងពេលជាងពាក់កណ្តាលឆ្នាំ២០១៨ Facebook នឹងអនុវត្តកម្មវិធីនេះនៅក្នុងសហរដ្ឋអាមេរិក ពោលគឺ ០២ឆ្នាំ មុនឈានដល់ការបោះឆ្នោតជ្រើសប្រធានាធិបតីអាមេរិកអាណត្តិក្រោយ។
គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់ Facebook ធ្វើឡើងមួយថ្ងៃក្រោយពីបណ្តាញសង្គម Twitter បានបដិសេធមិនព្រមទទួល ការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានរុស្ស៊ី RT (Russia Today) និង Sputnik ដោយ Twitter បានលើកហេតុផលថា បើតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក ស្ថាប័នព័ត៌មានទាំង ០២នេះ មានជាប់ពាក់ព័ន្ធនឹងយុទ្ធនាការមួយ ដែលរៀបចំដោយហ្មត់ចត់ ដើម្បីជះឥទ្ធិពលលើដំណើរការបោះឆ្នោតនៅអាមេរិក កាលពីឆ្នាំ២០១៦។
ក្រុមហ៊ុន Facebook, Twitter, និង Alphabet (ម្ចាស់ Google) នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខសភាអាមេរិក នាសប្តាហ៍ក្រោយ ដើម្បីរៀបរាប់លម្អិតពីសកម្មភាពរបស់រុស្ស៊ី ហើយផ្តល់ដំណោះស្រាយ៕