(ម៉ាឌ្រីត)៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសថា មេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុនត៍ (Carles Puigdemont) និងរដ្ឋាភិបាលត្រូវបានទម្លាក់ពីអំណាចជាផ្លូវការហើយ ខណៈលោក Rajoy បានអំពាវនាវឲ្យមានការបោះឆ្នោតថ្មី នៅក្នុងតំបន់នាថ្ងៃទី២១ ខែធ្នូខាងមុខ បន្ទាប់ពីសភា កាតាឡាន ទីបំផុតបានសម្រេចធ្វើការបោះឆ្នោតស្ងាត់ៗជាឯកតោភាគី ដើម្បីប្រកាសឯករាជ្យផ្តាច់តំបន់កាតាឡាន (Catalonia) ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលទីក្រុងម៉ាឌ្រីត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តីអេស៉្បាញ បានធ្វើសេចក្តីប្រកាសខាងលើ ក្រោយបានកោះប្រជុំគណៈរដ្ឋមន្រ្តីពិសេសមួយ នៅឯវិមាន Palacio de la Moncloa ដើម្បីសម្រេចពីការអនុវត្តមាត្រ ១៥៥ នៃរដ្ឋធម្មនុញ្ញអេស៉្បាញ។ ក្រៅពីដកសិទ្ធិអំណាចពី លោក Puigdemont និងរំលាយរដ្ឋាភិបាលតំបន់កាតាឡាន លោក Rajoy ក៏បានប្រកាសពីការដកហូតតំណែង មេបញ្ជាការប៉ូលិសកាតាឡាន, ការបិទស្ថានទូតកាតាឡាននៅឯក្រៅប្រទេស ក៏ដូចជាប្រតិភូតំណាងរដ្ឋាភិបាលកាតាឡាន ប្រចាំនៅទីក្រុងម៉ាឌ្រីត និងព្រុចសែលផងដែរ។
គួរបញ្ជាក់ថា សមាជិកសភាតំបន់កាតាឡាន បានបោះឆ្នោតដោយសម្ងាត់ក្នុងសភារបស់ខ្លួន នៅក្រោយកិច្ចពិភាក្សាស្តីពីការដាក់ញត្តិ ដើម្បីសុំបង្កើតរដ្ឋាភិបាលសាធារណរដ្ឋកាតាឡាន ក្នុងនាមជារដ្ឋឯករាជ្យ និងមានអំណាចពេញលេញ។ លទ្ធផលនៃការបោះឆ្នោតគឺ ៧០សំឡេងគាំទ្រ ១០សំឡេងប្រឆាំង និង០២សំឡេងអនុបវាទ កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ។ ដោយឡែក ការអនុវត្តមាត្រា ១៥៥ នៃរដ្ឋធម្មនុញ្ញអេស៉្បាញ ដែលចែងពីការព្យួរសិទ្ធស្វ័យភាពរបស់តំបន់កាតាឡាន ហើយប្រគល់ស្ថាប័នសំខាន់នៃតំបន់នេះ ទៅឲ្យទីក្រុងម៉ាឌ្រីតគ្រប់គ្រងជាបណ្តោះអាសន្ននោះ ត្រូវបានអនុម័តយល់ព្រមដោយព្រឹទ្ធសភាអេស៉្បាញ នៅថ្ងៃជាមួយគ្នា៕