(ប៉េកាំង)៖ ព័ត៌មានដែលបែកធ្លាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រចិនបានផ្តល់ដំបូន្មានជាបន្ទាន់មួយ ឲ្យក្រុមជំនាញរបស់ប្រទេសកូរ៉េខាងជើង ធ្វើការផ្តាស់ប្តូរទីតាំងដែលខ្លួនតែងតែប្រើប្រាស់ដើម្បីធ្វើតេស្តគ្រាប់បែក នុយក្លេអ៊ែរ-អ៊ីដ្រូសែន ភុងគ្យេរី (Punggye-ri) ភាគឦសានប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។
បើតាមក្រុមអ្នកជំនាញរបស់ប្រទេសចិន ទីតាំងជ្រលងភ្នំភុងគ្យេរី ត្រូវបានកូរ៉េខាងជើងប្រើប្រាស់ដើម្បីធ្វើតេស្តអាវុធប្រល័យលោកធំៗចំនួន ០៦លើកមកហើយ។ ការព្រមានធ្ងន់ៗរបស់របស់ប្រទេសចិននេះ ក៏មិនមែនជារឿងអ្វីចម្លែកដែរ ព្រោះថាទីតាំងខាងលើនេះ គឺស្ថិតនៅមិនឆ្ងាយពីតំបន់ព្រំដែនរបស់ប្រទេសចិន និងកូរ៉េខាងជើងនោះឡើយ ហើយក្រុមអ្នកវិទ្យាសាស្ត្រចិន មិនអាចបណ្តោយឲ្យទីតាំងធ្វើតេស្តនុយក្លេអ៊ែរកូរ៉េខាងជើង បាក់ស្រុត ដែលនាំឲ្យបែកធ្លាយសារធាតុពុល ឬវិទ្យុសកម្ម សាយភាយទៅដែនដីចិននោះឡើយ។
ឯកសារពីក្រុមជំនាញចិន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រហែលជាកូរ៉េខាងជើងខ្លួនឯងបានដឹងហើយថា ទីតាំងនោះមិនអាចធ្វើការបំផ្ទុះគ្រាប់បន្ថែមទៀតទេ។ ប្រសិនបើទីក្រុងព្យុងយ៉ាងនៅតែចង់ធ្វើដូច្នេះទៀតនោះ ពួកគេត្រូវតែធ្វើនៅកន្លែងផ្សេងទៀត។ ជាក់ស្តែងឧបករណ៍តាមដានរបស់ចិន អាចធ្វើការចាប់រលកសញ្ញានៃការធ្វើតេស្តនុយក្លេអ៊ែរបាន ប៉ុន្តែវានឹងហួសពេលហើយ បើសិនជាកើតឡើងដូច្នោះមែននោះ»។
សម្តីព្រមានចុងក្រោយរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន គឺ «ការដួលរលំនៃតំបន់ធ្វើតេស្តនុយក្លេអ៊ែរកូរ៉េខាងជើង វានឹងរីករាលដាលសារធាតុពុល ពាសពេញអឌ្ឍគោលខាងជើងទាំងមូល»៕