(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក កុំបណ្ដោយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ធ្វើដំណើរកាត់តាមទឹកដីអាមេរិក ឆ្ពោះទៅ និងមកពីដែនដីជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ នៅក្នុងតំបន់ប៉ាស៊ីហ្វិកឲ្យសោះ។ ក៏ប៉ុន្តែទន្ទឹមគ្នា គេអាចទាយដឹងរួចជាមុនទៅហើយថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនធ្វើតាមសំណើនេះទេ ខណៈតៃវ៉ាន់ជាសម្ព័ន្ធមិត្ត និងជាម៉ូយទិញអាវុធដ៏ធំរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៧។
លោកស្រី Tsai Ing-wen នឹងចាប់ផ្ដើមធ្វើដំណើរនៅថ្ងៃសៅរ៍នេះ ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ច រយៈពេលមួយសប្ដាហ៍ ទៅកាន់តំបន់ដែនកោះចំនួនបី នៅក្នុងតំបន់ប៉ាស៊ីហ្វិកគឺ Tuvalu, Solomon និង Marshall ដោយឆ្លងកាត់តាមទីក្រុង Honolulu និងកោះ Guam។
ជុំវិញដំណើរទស្សនកិច្ចនេះដែរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានគូសបញ្ជាក់ដូច្នេះ «ចិនបានបង្ហាញគោលជំហរយ៉ាងម៉ឺងម៉ាត់ ទៅកាន់សហរដ្ឋអាមេរិក ចំពោះបញ្ហានេះ ហើយថែមទំាងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន គោរព ឱ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយចិនតែមួយ។ មួយវិញទៀត ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំតែវ៉ាន់ កាត់តាមទឹកដីអាមេរិក ខ្ញុំគិតថាហេតុផលពិតប្រាកដ សម្រាប់ការធ្វើដំណើរឆ្លងកាត់នេះ មិនចាំបាច់ត្រូវពន្យល់ទៀតទេ»។
គួរបញ្ជាក់ថា ការអំពាវនាវខាងលើកើតមានឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ មុននឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ជាទីដែលលោក ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យសមភាគីចិនលោក ស៊ី ជិនពីង ជួយសហរដ្ឋអាមេរិក ដោះស្រាយជាមួយកូរ៉េខាងជើង៕