(ម៉ានីល)៖ មន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់ បានចេញមុខទាត់ចោលការចោទប្រកាន់ដែលថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បាននិងកំពុងរៀបចំផែនការបង្កអស្ថេរភាព ដើម្បីសម្លាប់ និងទម្លាក់លោកប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Anadoulu នៅរសៀលថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
ថ្លែងទៅក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលីពីន លោក ស៊ុង គីម (Sung Kim) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដាច់ខាតគ្មានឡើយកិច្ចខិតខំប្រឹងប្រែងរបស់ CIA ដើម្បីបំផ្លាញមេដឹកនាំហ្វីលីពីន... លោកប្រធានាធិបតី ឌូតឺតេ បានឈ្នះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើល ហើយយើងពិតជាគោរពលទ្ធផលបោះឆ្នោតរបស់គាត់ ក៏ដូចជាកំពុងធ្វើការងារយ៉ាង ល្អទំាងអស់គ្នាជាមួយរដ្ឋបាលរបស់គាត់»។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ លោក Sung Kim ធ្វើឡើងបន្ទាប់ពីលោក ឌូតឺតេ ផ្ទាល់បានចង្អុលមុខ CIA ថាកំពុងរៀបចំផែនការសម្លាប់រូបលោក។ «សម្រាប់ខ្ញុំ យើងសូមប្រាប់ប្រជាជន ហ្វីលីពីនថា បើសិនជាខ្ញុំស្លាប់ គឺសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយ ពោលគឺ CIA តែម្ដង»។ នេះបើតាមលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលទើបតែទទួលបានជោគជ័យធំធេង នៃការកម្ចាយបណ្តាញក្រុម ISIS ពីទីក្រុងម៉ារ៉ាវី (Marawi) ភាគខាងត្បូង៕