(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអនុម័តយល់ព្រមចេញផ្សាយនូវឯកសារជាង ២,៨០០ច្បាប់ ស្ដីពីការធ្វើឃាតអតីត ប្រធានាធិបតីអាមេរិក លោក ចន អ៊ែហ្វ ខែនណឺឌី (John F. Kennedy) កាលពីឆ្នាំ១៩៦៣។ ប៉ុន្តែទន្ទឹមគ្នា លោកសម្រេចចិត្តពន្យាពេល ចេញផ្សាយឯកសាររសើបមួយចំនួន។ នេះបើតាមមន្ត្រីរដ្ឋបាលអាមេរិក ដកស្រង់ដោយសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
យោងតាមមន្ត្រីរូបនេះដដែល ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ការសម្រេចចិត្តរបស់លោក ត្រាំ ពន្យាពេលចេញផ្សាយឯកសារមួយចំនួន ធ្វើឡើងតាមរយៈសំណើ ពីទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA, FBI និងទីភ្នាក់អាមេរិកជាច្រើនទៀត។ អស់រយៈពេលជាង ៥០ឆ្នាំ មកហើយបន្ទាប់ពី លោក John F. Kennedy ត្រូវបានគេធ្វើឃាត សហរដ្ឋអាមេរិកបានចាប់ផ្ដើម បញ្ចេញឯកសារចុងក្រោយជាច្រើន ពាក់ព័ន្ធនឹងការស្លាប់របស់លោក។ ជាងនេះទៅទៀត ប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលអាមេរិក ក៏បានបង្កើតឯកសារជាង ០៥លានទំព័រ ហើយភាគច្រើន ត្រូវបានចេញផ្សាយជាសាធារណៈ រីឯឯកសារខ្លះប្រមាណជាមួយភាគរយ នៅតែស្ថិតនៅជាឯកសារសម្ងាត់នៅឡើយ។
គួររំលឹកថា អតីតប្រធានាធិបតីអាមេរិក លោក John F. Kennedy ត្រូវបានខ្មាន់កាំភ្លើង ឈ្មោះ លី ហាវៃ អូសវ៉ាល់ដ៍ (Lee Harvey Oswald) បាញ់សម្លាប់ នៅពេលក្បួនរថយន្ដរបស់លោកធ្វើដំណើរឆ្លងកាត់ទីក្រុង ដាលឡាស់ (Dallas) រដ្ឋ តិចសាស់ (Texas) នៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ១៩៦៣៕