(សេអ៊ូល)៖ ឈរនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីទឹកដីកូរ៉េខាងជើង រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) នាថ្ងៃសុក្រនេះ បានអះអាងថា ប្រទេសរបស់លោក ពុំបំណងចង់បង្កសង្រ្គាមនោះឡើយ តែចង់ធ្វើឲ្យតំបន់ឧបទ្វីបកូរ៉េទាំងមូល គ្មានអាវុធប្រល័យលោកទៅវិញទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Mattis ត្រូវបានធ្វើឡើង បន្ទាប់ពីប្រមុខការពារជាតិអាមេរិករូបនេះ បានធ្វើដំណើរដល់ប្រទេសកូរ៉េខាងត្បូង និងបានបន្តធ្វើទស្សនកិច្ចនៅឯតំបន់គ្មានយោធា នៃព្រំដែនអន្តរកូរ៉េនៅសុក្រនេះ ដែលជាថ្ងៃដំបូង នៅក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ០២ថ្ងៃ របស់លោក។ ក្នុងអំឡុងការធ្វើទស្សនកិច្ចនេះ លោក James Mattis បានបញ្ជាក់ថា គោលដៅរបស់ប្រទេសលោក គឺមិនមែនសង្រ្គាមឡើយ តែជាការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលពេញលេញ, មានការទទួលស្គាល់, និងមិនអាចក្រឡាស់វិញបាន នៅក្នុងតំបន់ឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក James Mattis មកកាន់កូរ៉េខាងត្បូង ធ្វើឡើងនៅមុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកបំពេញទស្សនៈកិច្ចទីក្រុងសេអ៊ូល ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ និងដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ (SCM) ប្រចាំឆ្នាំលើកទី៤៩ ដែលនឹងក្លាយជាជំនួបការពារជាតិលើកដំបូង រវាងរដ្ឋបាលប្រធានាធិបតី លោក មូន ជែអ៊ីន និងរដ្ឋបាលលោក ដូណាល់ ត្រាំ៕