(រ៉ង់ហ្គូន)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិមីយ៉ាន់ម៉ា (MNA) បានធ្វើការចុះចតយ៉ាងទាន់ហន់ នៅឯព្រលានយន្តហោះនៃទីក្រុង ស៊ីតថ្វាយ (Sittway) ក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងប្រទេស បន្ទាប់ពីមានបញ្ហានៅលើយន្តហោះ ក៏ប៉ុន្តែហេតុការណ៍នេះ ពុំបានបណ្តាលឲ្យមនុស្សណាម្នាក់នៅលើនោះ ទទួលរងគ្រោះថ្នាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
យន្តហោះជើងហោះហើរ UB-206 នៃក្រុមហ៊ុនអាកាសចរណ៍ MNA ដែលមានគោលដៅធ្វើដំណើរចេញពីក្រុង Sittway ឆ្ពោះទៅកាន់ទីក្រុងរ៉ង់ហ្គូននោះ បានវិលត្រឡប់មកចុះចតយ៉ាងតក់ក្រហល់វិញ នៅឯអាកាសយានដ្ឋានទីក្រុង Sittway វិញ នៅរយៈពេល ៤០នាទី ក្រោយពីបានធ្វើការហោះចាកចេញ ដោយសារតែបញ្ហារឿងចរន្តខ្យល់ នៅក្នុងបន្ទប់អាកាសយានិក។
យ៉ាងណាមិញ ក្រោយពីទទួលបានការជួលជុល និងកែតម្រូវចាំបាច់រួចរាល់ យន្តហោះដឹកអ្នកដំណើរក្នុងស្រុកនេះ ទីបំផុតក៏បានបន្តហោះចាកចេញដើម្បីឆ្ពោះទៅកាន់គោលដៅទីក្រុងរ៉ង់ហ្គូន ជាមួយនិងអ្នកដំណើរសរុប ៩៧នាក់៕