(បាងកក)៖ អដ្ឋិធាតុនៃអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ត្រូវបានប្រមូលហើយ ដែលនេះគឺជាផ្នែកមួយនៃព្រះរាជពិធីថ្វាយព្រះភ្លើង រយៈពេល ០៥ថ្ងៃ រាប់ចាប់ពីថ្ងៃពុធសប្តាហ៍នេះមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
ព្រះមហាក្សត្រថៃបច្ចុប្បន្ន គឺព្រះបាទ មហា វិច្ចិរ៉ាឡុងកង (Maha Vajiralongkorn) បានធ្វើជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីបែបសាសនា ដើម្បីចាប់ផ្តើមថ្វាយព្រះភ្លើងកាលពីវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃទី២៦ ខែតុលា។
ដោយឡែកអដ្ឋិធាតុរបស់ទ្រង់ Bhumibol Adulyadej ត្រូវបានប្រមូល និងដាក់តម្កល់ក្នុងព្រះបរមកោដ្ឋនៅព្រឹកថ្ងៃសុក្រនេះ ដោយមានពិធីសូត្រមន្តពីសំណាក់ សម្ដេចសង្ឃកំពូលនៃប្រទេសថៃ ខណៈព្រះមហាក្សត្រ និងព្រះមហាចក្រី សារិនដន (Maha Chakri Sirindhorn) នឹងវិលត្រឡប់ទៅកាន់ ទីវាលព្រះមេរុម្តងទៀត ដើម្បីប្រារព្ធពិធីនាំយកអដ្ឋធាតុ ដែលនៅសេសសល់ទៅតម្កល់នៅសាលមហាប្រាសាទដុសិត (Dusit Maha Prasat Throne Hall) នៃព្រះបរមរាជវាំង។
គួររំលឹកថា ព្រះបាទ Bhumibol Adulyadej បានចូលទិវង្គតក្នុងព្រះជន្ម ៨៩វស្សា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ហើយទ្រង់ត្រូវបានចាត់ទុកថា គឺជាក្សត្រដែលសោយរាជ្យយូរបំផុតនៅលើពិភពលោក។ បន្ថែមពីក្រុមមន្ត្រីថៃក៏បានឱ្យដឹងដែរថា ការរៀបចំសម្រាប់ពិធីថ្វាយព្រះភ្លើង អស់រយៈពេលមួយឆ្នាំពេញនេះ បានចំណាយប្រាក់អស់ជាង ៩០លានដុល្លារ (គ្រាន់តែវាលព្រះមេរុតែមួយ ត្រូវចំណាយ ៣០លានដុល្លារ) ហើយដែលនេះទំនងជាការចំណាយប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមកនោះឡើយ ក្នុងការធ្វើព្រះរាជពិធីបុណ្យ នៅព្រះរាជាណាចក្រថៃឡង់ដ៍នេះ៕