(វ៉ាស៊ីនតោន)៖ ក្រុមតារាវិទូទើបតែបានប្រទះឃើញ «អាចម៍ផ្កាយមួយដុំ» មានប្រភពដើមមកពីទីអវកាសខាងក្រៅដ៏សែនឆ្ងាយ ដែលវាគឺជាដុំថ្មអវកាសដំបូងបំផុត ដែលបានធ្វើដំណើរមកពីក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង។ នេះបើតាមការចេញផ្សាយដោយ វែបសាយ Scientific American នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
របកគំហើញដ៏អស្ចារ្យនេះ បានជំរុញក្រុមអ្នកវិទ្យាសាស្រ្តប្រញាប់ប្រញាល់ បង្វែរតេឡេស្កូបរបស់ពួកគេ សំដៅទៅរកវត្ថុដែលធ្វើដំណើរក្នុងល្បឿនដ៏លឿនមួយនេះភ្លាមៗ ដើម្បីព្យាយាមសិក្សាស្វែងយល់ពីវាឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន មុនពេលដែលអាចម៍ផ្កាយនេះ ហោះរសាត់ចេញទៅបាត់ពីកន្ទុយភ្នែកវិញ។
គួរបញ្ជាក់ថា វត្ថុអាថ៍កំបាំងខាងលើមានទំហំតូច ពោលគឺមានមុខកាត់មិនដល់កន្លះគីឡូម៉ែត្រឡើយ ហើយទំនងជាមានប្រភពមកពីបណ្តុំផ្កាយ Lyra និងធ្វើដំណើរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយវិនាទី។ វាត្រូវបានប្រទះឃើញកាលពីថ្ងៃទី១៩ ខែតុលានេះ ដោយកែវយឺត Pan-STARRS 1 នៅរដ្ឋហាវ៉ៃ ស្របពេលកំពុងតាមស្វែងរកដុំថ្មអវកាស ដែលនៅក្បែរៗផែនដី។
ដោយឡែក អាចម៍ផ្កាយនេះ កំពុងបន្តដំណើរចាកចេញទៅវិញក្នុងល្បឿនយ៉ាងល្បឿន សំដៅទៅកាន់បណ្តុំផ្កាយ Pegasus ហើយវាប្រាកដជាទស្សនកិច្ចដ៏កម្របំផុត និងមិនដឹងថា ថ្ងៃណាអាចកើតមានរឿងរ៉ាវដ៏អស្ចារ្យនេះ ម្តងទៀតនោះឡើយ៕