(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ដែលមានរហស្សនាមថា «ឆ្កែឆ្កួត» បានធ្វើដំណើរទៅដល់តំបន់គ្មានយោធា នៃព្រំដែនអន្តរកូរ៉េហើយ នៅថ្ងៃសុក្រនេះ នាឱកាសបំពេញដំណើរទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង ខណៈគេរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងបង្កឱ្យមានភាពតឹងជាថ្មី ជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចរបស់ លោក Mattis ភាគីទាំងពីរនឹងពិភាក្សាគ្នា ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ក៏ដូចជាពង្រីកការធ្វើសមយុទ្ធយោធា ព្រមទំាងការដាក់ពង្រាយ បរិក្ខាយោធាយុទ្ធសាស្ត្រអាមេរិក ក្នុងនោះមានទំាងយន្ដហោះចម្បាំង យន្ដហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកនុយក្លេអ៊ែរ ប្រឈមមុខនឹងការកើនឡើង នៃការគំរាមកំហែងពីសំណាក់ទីក្រុងព្យុងយ៉ាង។
នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះ លោក Mattis នឹងធ្វើដំណើរទៅកាន់ប៉ុស្ដន៍ត្រួតពិនិត្យ Oullette ជាទីដែលលោកនឹងធ្វើសន្និសីទសារព័ត៌មានខ្លីជាមួយ សមភាគីកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក James Mattis មកកាន់កូរ៉េខាងត្បូង ធ្វើឡើងនៅមុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញទស្សនមកទីក្រុងសេអ៊ូល ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ និងដើម្បីចូលរួមកិច្ចប្រជុំប្រឹក្សាសន្តិសុខ (SCM)ប្រចាំឆ្នាំ លើកទី៤៩ ដែលនឹងក្លាយជាជំនួបការពារជាតិលើកដំបូង រវាងរដ្ឋបាលប្រធានាធិបតីលោក មូន ជែអ៊ីន និងរដ្ឋបាលលោក ដូណាល់ ត្រាំ៕