(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា និងបានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ជុំវិញសេចក្តីរាយការណ៍ ពាក់ព័ន្ធនឹងអំពើហិង្សាដ៏ឃោឃៅ ប្រឆាំងលើជនជាតិដើមមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន (Rakhine)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន SBS នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន (Rex Tillerson) បានស្នើយ៉ាងទទូចឲ្យមេទ័ពកំពូលមីយ៉ាន់ម៉ា លោក មីន អ៊ុង ហ្លេង (Min Aung Hlaing) ផ្តល់ការជួយគាំទ្រដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការបញ្ចប់អំពើហិង្សានេះ ក៏ដូចជាក្នុងការអនុញ្ញាតឲ្យជនជាតិដើមរ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួនចេញពីប្រទេសនោះ វិលមកវិញប្រកបដោយសុវត្ថិភាព។
សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយ លោក Min Aung Hlaing លោក Tillerson ក៏បានទទូចឲ្យកម្លាំងយោធាមីយ៉ាន់ម៉ា ជួយសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងអស់, បើកទូលាយចំពោះបណ្តាញសារព័ត៌មាន, និងសហការជាមួយការស៊ើបអង្កេតរបស់ UN ទៅលើការចោទប្រកាន់ទាំងឡាយ ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សផងដែរ។
គួរបញ្ជាក់ មកទល់ពេលនេះ ជនជាតិរ៉ូហ៊ីងយ៉ាច្រើនជាង ៦០០,០០០នាក់ បានភៀសខ្លួនពីរដ្ឋ Rakhine ភាគខាងជើងប្រទេសទៅកាន់បង់ក្លាដែស ដែលនៅក្បែរខាងចាប់តាំងតែពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការបង្រ្កាបយ៉ាងចាស់ដៃ ឆ្លើយតបចំពោះការវាយប្រហារ ពីសំណាក់ក្រុមសកម្មប្រយុទ្ធមូស្លីម កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ៕