(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីទើបតែបានធ្វើសមយុទ្ធយោធា ក្នុងទ្រង់ទ្រាយដ៏ធំមួយ ដើម្បីតេស្តសមត្ថភាពរៀបចំខ្លួន នៃកងកម្លាំងប្រើប្រាស់មីស៊ីល-នុយក្លេអ៊ែរជាយុទ្ធសាស្រ្ត ដោយរួមមានទាំងការបាញ់មីស៊ីលផ្លោងចម្រុះ ជាច្រើនគ្រាប់ទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា «សកម្មភាពប្រុងប្រៀបប្រយុទ្ធនៃពលទាហានមកពីកងកម្លាំងប្រើប្រាស់មីស៊ីលជាយុទ្ធសាស្រ្ត, នាវិកនៃកងនាវាមុជទឹកមកពីកងអង្គភាពភាគខាងជើងនិងនៅប៉ាស៊ីហ្វិក, រួមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត-ចម្ងាយឆ្ងាយ ត្រូវបានសាកល្បងសមត្ថភាព នៅក្នុងអំឡុងការធ្វើសមយុទ្ធដ៏ធំសម្បើមនេះ។
យោងតាមក្រសួងខាងលើ នាវាមុជទឹកនុយក្លេអ៊ែរមកពីកងអង្គភាពប្រចាំតំបន់ប៉ាស៊ីហ្វិក បានធ្វើតេស្តបាញ់មីស៊ីលផ្លោងចំនួន ០២គ្រាប់ ចេញពីសមុទ្រ អូខូតក៍ (Okhotsk) សំដៅទៅកាន់ទីតាំងសាកល្បង ជីហ្សា (Chizha) នៅភាគខាងជើងរុស្ស៊ី ខណៈនាវាមុជទឹកមកពីកងអង្គភាពភាគខាងជើង បានធ្វើការបាញ់មីស៊ីលផ្លោងមួយគ្រាប់ ចេញពីសមុទ្រ បារ៉ែនស៍ (Barents) ឆ្ពោះទៅកាន់ទីតាំងសាកល្បង គូរ៉ា (Kura) នៅចុងភាគខាងកើតនៃប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា យោងតាមប្រភពដដែល ក្រៅពីនេះកងអង្គភាព នៃកងកម្លាំងប្រើប្រាស់មីស៊ីលជាយុទ្ធសាស្រ្ត ក៏បានធ្វើការបាញ់មីស៊ីលឆ្លងទ្វីប (ICBM) ប្រភេទ Topol ចំនួន ០១គ្រាប់ ចេញពីមូលដ្ឋាន Plesetsk ទៅកាន់ទីតាំងសាកល្បង Kura ផងដែរ។ ជាចុងក្រោយយន្តហោះទម្លាក់គ្រាប់បែក រយៈចម្ងាយឆ្ងាយធុន Tu-160, Tu-95MS, និង Tu-22M3 បានធ្វើតេស្តទម្លាក់មីស៊ីលប្រដេញ ទៅលើគោលដៅស្ថិតនៅទីតាំងសាកល្បង មួយចំនួនទៀតថែមទៀតផង៕